(សៀមរាប)៖ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានអំពាវនាវដល់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ និងប្រជាជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ថែមទៀត ក្នុងការការពារជំងឺកូវី១៩កុំឲ្យមានរលកទី២ ខណៈដែលជំងឺជាសកលមួយនេះ មិនទាន់ផុតរលត់ពីភពផែនដីនោះ។
ការអំពាវនាវរបស់លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ ធ្វើឡើងក្នុងឱកាសដែលលោកស្រី និងក្រុមការងារនាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និង ព្រមទាំងបច្ច័យមួយនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដល់វត្តចំនួន៣ស្ថិតក្នុងខេត្តសៀមរាប នៅថ្ងៃទី២៧មិថុនា ឆ្នាំ២០២០។
លោកស្រី ខៀវ ស៊ីណា បានទូលប្រគេនសង្ឃ ក៏ដូចប្រជាពុទ្ធបរិស័ទថា ទោះបីនៅកម្ពុជាមិនមានការរីករាលដាលដល់សហគមន៍ និងគ្មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក៏ដោយដាច់ខាតយើងត្រូវរួមគ្នាការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា និងចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាល ដល់មូលដ្ឋាន និងសហគមន៍។
លោកស្រីបន្តថា បច្ចុប្បន្នជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលលើពិភពលោកនៅឡើយទេចំណែកនៅកម្ពុជាប្រជាលរដ្ឋ ដែលឆ្លងសុទ្ធតែឆ្លងមកពីប្រទេសក្រៅតែប៉ុណ្ណោះហើយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មានអ្នកមកពីប្រទេសឥណ្ឌូនេស៊ី៩បានឆ្លងជំងឺកូវី១៩ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយប្រជាជនកម្ពុជា នៅតែអាចធ្វើបុណ្យទានបានជាធម្មតា តាមប្រពៃណីដដែលប្រការសំខាន់នោះគឺបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលគឺត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ, ខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយប្រើក្រមា ឬក្រដាសអនាម័យរួចបោះចោលក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ, ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នក ដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ឬអ្នកជំងឺ, ពេលមិនទាន់លាងដៃសូមកុំប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, បរិភោគអាហារ ដែលចម្អិនបានឆ្អិនល្អ, ស្វាគមន៍គ្នាដោយសំពះ ជំនួសការចាប់ដៃ។
ទាក់ទងការធ្វើបុណ្យទាននានា ក្នុងព្រះពុទ្ធសាសនា ព្រះមហាវិមូលធម្ម ពិន សែម ចៅអធិការវត្តរាជបូណ៌ក្នុងក្រុងសៀមរាប ដែលជាវត្តចំណាស់មួយនៅលើកទឹកដីវប្បធ៌ម និងទេសចរណ៍នេះមានសង្ឃដិកាថា រាល់ការធ្វើបុណ្យផងទាំងពួងត្រូវតែមាន ការយល់ដឹងពីតម្លៃនៃ ពិធីបុណ្យនីមួយៗឲ្យច្បាស់ទើបជាការប្រពៃ និងទទួលបានកុសលតាមកម្លាំងសុទ្ធាតាមសេចក្ដីប្រាថ្នា។
សូមបញ្ជាក់ជូនថា នៅក្នុងខេត្តសៀមរាបមានវត្តព្រះព្រហ្មរត្ន័, វត្តរាជបូណ៌ និងវត្តប្រាសាទបាគងត្រូវបានលោកស្រី ខៀវ ស៊ីណា ជាចាន់តូ និងក្រុមការងារបានប្រគេននូវទៀនព្រះវស្សា១គូរ អង្ករ មី ត្រីខ ទឹកដោះគោ ទឹកសុទ្ធ ទឹកក្រូចទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង តែ កាហ្វេ និងបច្ច័យមួយចំនួន សម្រាប់ទ្រទ្រង់តម្រូវការរបស់ព្រះសង្ឃនៅក្នុងរយៈពេល៣ខែពេលចូលព្រះវស្សាផងដែរ៕