(ភ្នំពេញ)៖ មនុស្សភាគច្រើនច្បាស់ជាធ្លាប់បានជួបប្រទះរួចមកហើយ នៅលើបណ្ដាញទំនាក់ទំនងសង្គម ដោយមាន ស្ថាប័នព័ត៌មាន និងបុគ្គលមួយចំនួន បានផ្សព្វផ្សាយព័ត៌មានជាអត្តបទ រូបថត និងវីដេអូជាដើម ដើម្បីទទួលបានចំណាប់អារម្មណ៍ពីសំណាក់មហាជន ហើយព័ត៌មានទាំងនោះ ភាគច្រើនសុទ្ធសឹងតែជាព័ត៌មានពុំមានមូលដ្ឋានច្បាស់លាស់ឡើយ។

ព័ត៌មានខ្លះទៀតជាព័ត៌មានមិនពិត ដែលផ្សព្វផ្សាយឡើងក្នុងចេតនាញុះញង់ឲ្យសាធារណៈជន មានការភ័នច្រឡំ ភ័យខ្លាច ទៅនឹងបុគ្គល ឬព្រឹត្តិការណ៍ណាមួយ ឬបង្ហាញឲ្យឃើញថា នឹងមានរឿងហេតុដែលនាំឲ្យមានក្ដីវិនាសអន្តរាយ ឬកើតមានហេតុការណ៍អ្វីមួយដែលនាំឲ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ រួមទាំងមនុស្សជាតិជាដើម។ ទាំងនេះជាសកម្មភាព «ក្លែងព័ត៌មាន» ដែលចាំបាច់ត្រូវតែគ្រប់គ្រងឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ បើពុំដូចនេះទេវាអាចជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិបាន។

ដូច្នេះ តើសកម្មភាពបែបណាខ្លះដែលអាចចាត់ទុកបានថាជា អំពើ «ក្លែងព័ត៌មាន» ? តើវាអាចជះឥទ្ធិពលមិនល្អដល់សង្គមជាតិកម្រិតណា ? ហើយចំពោះជនល្មើសវិញ តើត្រូវផ្ដន្ទាទោសកម្រិតណាដែរ?

ដើម្បីឲ្យកាន់តែច្បាស់ ក្នុងថ្ងៃនេះ អង្គភាពសារព័ត៌មាន Fresh New បានសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកនូវប្រធានបទមួយស្ដីអំពី «បទក្លែងព័ត៌មាន» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

នៅក្នុងក្របខណ្ឌវិជ្ជាជីវៈនៃការផ្សព្វផ្សាយព័ត៌មាន រាល់សកម្មភាពទាំងអស់ចាំបាច់ណាស់ត្រូវតែអនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន ដោយហេតុថា សារព័ត៌មានជាផ្នែកមួយ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមក្នុងការបង្ហាញអំពី ព័ត៌មានទាំងជាអត្ថបទ រូបថត សម្លេង ឬវីដេអូ ជាដើម។

រាល់ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយចេញមកត្រូវតែជាការពិត មិនបំភ្លើស ហើយអាចផ្ដល់ប្រយោជន៍ដល់សង្គមជាតិទាំងមូលបាន។ ក្នុងករណីដែលព័ត៌មានផ្សព្វផ្សាយចេញមកមិនមែនជាការពិតនោះ ច្បាស់ណាស់វាអាចជះផលមិនល្អដល់សង្គមជាតិទាំងមូលបាន។

ហេតុនេះហើយទើបគេចាំបាច់ត្រូវតែមានវិធានសម្រាប់គ្រប់គ្រងរាល់សកម្មភាពនានាពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន ជាក់ស្ដែង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤១ បានចែងថា៖ «ប្រជាពលរដ្ឋមាន សេរីភាពខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងប្រជុំ។ ក៏ប៉ុន្ដែជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទិ្ធនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើង ដោយច្បាប់»

ចំណែកឯ ច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រា៧ កថាខណ្ឌ៣ និង៦ ឯនេះវិញ ក៏បានចែងផងដែរនូវ ក្រមសីលធម៌របស់អ្នកសារព័ត៌មាន ដោយអ្នកសារព័ត៌មានត្រូវរាយការណ៍តែតាមហេតុការណ៍ ដែលខ្លួនបានដឹងពី ប្រភពដើមតែប៉ុណ្ណោះ។ អ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលនូវព័ត៌មានសំខាន់ៗ ឬកែបន្លំឯកសារផ្សេងៗឡើយ។ មួយវិញទៀតត្រូវចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលញុះញង់អោយមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា មតិ ឬនិន្នារការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាព ដទៃទៀត។

ដូចនេះ ក្នុងករណីដែលជនណាបានបំពានទៅលើវិធាន ក៏ដូចជាគោលការណ៍វិជ្ជាជីវៈសម្រាប់ការផ្សព្វផ្សាយព័ត៌មាន ដូចដែលបានរៀបរាប់ខាងលើនោះសកម្មភាពរបស់ជននោះ នឹងត្រូវកំណត់ថាជាការ «ក្លែងព័ត៌មាន»

អំពើបែបនេះ គឺជាបទល្មើសព្រហ្មទណ្ឌមួយ ដែលនៅក្នុងមាត្រា ៤២៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៤,០០០,០០០ (បួនលាន) រៀល អំពើផ្ដល់ ឬបើកកកាយព័ត៌មានក្លែង ដើម្បីធ្វើឲ្យជឿថា នឹងកើតមានឡើងនូវការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោម ឬការធ្វើឲ្យខូចខាត ប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស។

ឧទាហរណ៍៖ បុគ្គលម្នាក់បានផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គមថា ក្រសួង សុខាភិបាលបានប្រកាសអំពីការរីករាលដាលនៃជំងឺកូវីត ១៩ នៅកម្ពុជាកំពុងមានស្ថានភាពធ្ងន់ធ្ងរខ្លាំង ដែលនេះជា សញ្ញាណមួយបង្ហាញឲ្យឃើញថា កម្ពុជាកំពុងប្រឈមនឹងការប្រកាសដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន ហេតុនេះ សូមបងប្អូនទិញស្បៀងអាហារទុកឲ្យហើយទៅ។ (នេះជាពាក្យបង្អើល សតិអារម្មណ៍របស់ប្រជាពលរដ្ឋឲ្យមានការភ័យខ្លាច និងដើម្បីកេងចំណេញក្នុងស្ថានភាពជ្រួលច្របល់នេះផងដែរ)។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា បុគ្គលម្នាក់នេះ មានចេតនាទុច្ចរិតផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបង្កឲ្យមានភាពចលាចលក្នុងសង្គម ព្រមទាំងឆ្លៀតឱកាសក្នុងការដំឡើងថ្លៃទំនិញ។

សរុបមក មិនថាជាបុគ្គលឯកជន ស្ថាប័ន ឬអ្នកសារព័ត៌មាននោះទេ គឺច្បាប់ពុំផ្ដល់សិទ្ធិសេរីក្នុងការផ្សព្វ ផ្សាយព័ត៌មានតាមតែទំនើងចិត្តនោះទេ ហើយចំពោះជនណា ឬស្ថាប័នណា ដែលបានប្រព្រឹត្តល្មើសដូចដែលបានរៀបរាប់ខាងលើ នឹងត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕