(រតនគិរី)៖ សមត្ថកិច្ចចម្រុះនៅវេលាម៉ោង៦៖១៥នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះចាប់ឈើចម្រុះចំនួន៣០ដុំ ត្រង់ចំណុចក្បែរប៉ុស្តិ៍ច្រករបៀងភូមិឡុំ ស្ថិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលបម្រុងដឹកចេញទៅវៀតណាម។
សមត្ថកិច្ចចម្រុះរួមមាន៖ កម្លាំងស្នាក់ការអាវុធហត្ថលើផ្ទៃប្រទេស, កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត, មន្ត្រីឧទ្យានុរក្សឧទ្យានជាតិអូរយ៉ាដាវ, កម្លាំងវរការពារព្រំដែនលេខ៦២៣, កម្លាំងនគរបាលស្រុកអូរយ៉ាដាវ និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ។
លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ភ្នាក់ងារ Fresh News ថា ប្រតិបត្តិការខាងលើនេះ មានការចង្អុលបង្ហាញពីលោក ថង សាវុន អភិបាលខេត្ត និងការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ស្នងការរងប្រាប់បន្តថា មុនឈានដល់ការបង្ក្រាបការដឹកជញ្ជួនឈើខាងលើនេះ កម្លាំងលោកសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវរកមុខសញ្ញាក្រុមឈ្មួញ រហូតបង្ក្រាបជាក់ស្តែងតែម្តង។ មធ្យោបាយម៉ូតូត្រូវបានពួកគេជិះគេចខ្លួនអស់ ក្រោយពីកម្លាំងទៅដល់ ប៉ុន្តែបន្សល់ទុកជាវត្ថុតាងម៉ូតូ១គ្រឿងតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី ចំនួនឈើខាងលើមិនដឹងចំនួនម៉ែត្រគូបនៅឡើយ ព្រោះមិនទាន់ធ្វើការវាស់វែង។
បច្ចុប្បន្នវត្ថុតាងឈើចម្រុះ៣០ដុំ និងម៉ូតូ១គ្រឿង ត្រូវបាននាំរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ ដើម្បីស្វែងរកម្ចាស់ឈើ មកធ្វើការពិន័យតាមផ្លូវច្បាប់។
ប្រភពព័ត៌មានដោយឡែកទៀត បានបង្ហើបប្រាប់ភ្នាក់ងារ Fresh News ថា ថៅកែឈើមានទីលំនៅនៅក្រុងបានលុង ហើយម៉ូតូខាងលើត្រូវបានថៅកែជួល ពីភូមិញ៉ាងស្រុកអណ្តូងមាស មកស៉ីឈ្នួលដឹកឈើចេញពីភូមិសាស្ត្រភូមិសំ, ភូមិបាដលក្បែរឧទ្យានអូរយ៉ាដាវឆ្ពោះ ទៅប្រទេសវៀតណាម តាមច្រករបៀងប៉ុស្តិ៍ភូមិឡុំ និងប៉ុស្តិ៍ភ្នំក្រហម ស្ថិតក្នុងឃុំប៉ក់ញ៉ៃ ខេត្តរតនគិរី៕