(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅគេហដ្ឋានសព ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ចក់ ឡេង បានទទួលមរណភាពកាលពីថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២និង៤នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ។
ក្នុងឱកាសប្រកបដោយសេចក្ដីក្ដុកក្ដួលអាឡោះអាល័យនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដាក់កម្រងផ្កា អុជធូប និងស្មិងស្មាធិ៍ ដើម្បីសម្ដែងការគោរពចំពោះដួងវិញ្ញាណក្ខន្ធសពលោក ចក់ ឡេង និងបានអញ្ជើញចុះហត្ថលេខាលើសាររំលែកមរណទុក្ខជូនលោកស្រី ខៀវ ហុង ព្រមទាំងក្រុមគ្រួសារ ។
ក្នុងសាររំលែកមរណទុក្ខនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាមភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្ដីសង្វេកសោកស្ដាយជាអនេក ប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ និងរន្ធត់ក្ដុកក្ដួលឥតឧប្បមា ចំពោះមរណភាពលោក ចក់ ឡេង អតីតរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអតីតនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្រសួងមហាផ្ទៃ ដែលត្រូវជាស្វាមីរបស់លោកស្រី ខៀវ ហុង ។
សម្ដេចឧបនាយករដ្ឋមន្ត្រីបានបន្តថា មរណភាពរបស់លោក ចក់ ឡេង មិនត្រឹមតែជាការបាត់បងស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់នូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បានចូលរួម ចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ព្រមទាំងបានលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ចូលរួមក្នុងសកម្មភាពសង្គម និងការងារមនុស្សធម៌ជាច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងក្នុងនាមសម្ដេច និងភរិយា សម្ដេចបានសម្ដែងនូវការចូលរួមរំលែកនូវទុក្ខព្រួយ ដ៏ក្រៀមក្រំនេះជាមួយលោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញាណក្ខន្ធលោក ចក់ ឡេង បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ស្ថិតក្នុងបរិយាកាសប្រកបដោយមនោសញ្ចេទនាដ៏ក្រៀមក្រំនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងថ្លែងរំលែកមរណទុក្ខដោយផ្ទាល់ជាថ្មីម្ដងទៀត ជាមួយលោកស្រី ខៀវ ហុង ព្រមទាំងកូន ចៅ នៃសពលោក ចក់ ឡេង និងបានប្រគល់បច្ច័យចូលរួមបុណ្យសពជូនលោកស្រី ខៀវ ហុង ផងដែរ៕