(កំពង់ស្ពឺ)៖ ពលរដ្ឋរស់នៅក្នុងភូមិមួយ បានរិះគន់ចំពោះក្រុមឡានដឹកអាចម៍ដី សុទ្ធតែឡានកង់១៤ រាប់សិបគ្រឿង ដែលបានដឹកបំផ្លាញផ្លូវភូមិ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់អ្នកភូមិ។

រណ្ដៅដីដែលគ្មានច្បាប់នោះ បានជីកក្នុងដីឯកជនមួយកន្លែង ដែលម្ចាស់គ្រឿងចក្របានទិញអ្នកភូមិ ស្ថិតនៅភូមិត្រពាំងខ្ចៅ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយឡានធំៗខ្នាតយក្សទាំងនេះ បានដឹងប្រសាចពេញផ្លូវរាល់ថ្ងៃ ទៅចាក់ឲ្យដីឡូតិ៍មួយកន្លែង ស្ថិតក្នុងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។

តាមការលើកឡើងរបស់ពលរដ្ឋ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា រថយន្ដដឹកដីធុនយីឌុបដែលមានកង់១៤គ្រាប់ខ្នាតធំ រត់កាត់ផ្លូវលំចំនួន ០៤ភូមិ ដែលមានភូមិរំលេច, ភូមិទួលតារា, ផ្លូវស្រែចិន្ដា និងភូមិដំណាក់ព្រីង ហើយបានបំផ្លាញផ្លូវនេះជាច្រើនកន្លែង បើទោះក្រុមហ៊ុនគ្មានច្បាប់នេះ ខំជួសជុលយ៉ាងណា ក៏មិនអាចធន់ទម្ងន់ដឹករបស់ឡានយក្សទាំងនោះបានឡើយ។

ប្រធានភូមិទាំងនោះ បានលើកឡើងថា ឡានដឹកដីនោះ ជារបស់ក្រុមហ៊ុនមួយ ដែលពួកគាត់ប្រាប់ថាគ្មានច្បាប់ទម្លាប់ទាំងអស់ គឺកាយយកអាចម៍ដីលក់ ដោយគ្មានកោតក្រែងចិត្តប្រជាពលរដ្ឋឡើយ ហើយការដឹកបានដោយគ្មានច្បាប់បែបនេះ ច្បាស់ណាស់ពិតជាអ្នកនៅពីក្រោយខ្នង មិនឲ្យថ្នាក់លើដឹងឡើយ។

ពួកគាត់បន្តថា ថ្មីៗនេះក៏មានលេចមុខបុគ្គលមួយចំនួន ដើរគំរាមកុំឲ្យប្រជាជន ដាក់បារ៉ាស់បាំងផ្លូវឡានដឹកដីធុនយក្សទាំងអស់នោះផងដែរ៕