(កណ្ដាល)៖ លោក សុក កាន់ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានប្រកាសជូនដំណឹង ដល់ពលរដ្ឋចំនួន២ភូមិ គឺភូមិតាខ្មៅ១ និងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មកពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ដើម្បីបញ្ជៀសការភាន់ច្រឡំណាមួយ។
លោក សុក កាន់ណារិទ្ធ បានលើកឡើងថា ការបិទផ្សាយឯកសារនៃការវិនិច្ឆ័យក្បាលដីនេះ មានគោលបំណង ក្នុងការធានាទិន្នន័យឲ្យមានលក្ខណៈស្របច្បាប់ជូនដល់ប្រជាពលរដ្ឋ ក្នុងករណីទិន្នន័យ ពុំទាន់ត្រឹមត្រូវលំអៀងជាន់ព្រំដី សូមប្រជាពលរដ្ឋធ្វើការតវ៉ា ដោយក្រុមការងាររបស់គម្រោង ចាំសម្របសម្រួលដោះស្រាយជូន។
តាមរយៈ Fresh News ប្រចាំខេត្តកណ្តាល នៅថ្ងៃទី២៨ ខែមិថុនានេះ លោកប្រធានបានប្រាប់ប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ថា ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
លោកបន្តថា ការបិទផ្សាយនាពេលនេះ ពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគ ក្នុងវិស័យកសិកម្មឲ្យកាន់តែកើនឡើងថែមទៀត។ នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល លើវិស័យដីធ្លីក្នុងការផ្តល់សម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុន វិនិយោគសំដៅជំរុញផ្នែកឯកជន បានរួមចំណែកអភិវឌ្ឍមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ដល់ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់វិនិយោគនោះយ៉ាងពិតប្រាកដ៕