(កណ្ដាល)៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសាកសពត្រូវបែកខ្ចាយជាបំណែកៗ ដោយសារឥទ្ធិពលនៃគ្រាប់បែក ដែលខ្លួនបានយកមកកែច្នៃ គ្មានបច្ចេកទេស។
ខណៈករណីនេះបានកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ វេលាម៉ោង ១២៖៤៥នាទី ចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
នគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពបានរៀបរាប់សាច់រឿងថា តាមការបំភ្លឺរបស់កូនបង្កើតជនរងគ្រោះឈ្មោះ យន ថានុង អាយុ ២៥ឆ្នាំ បានឲ្យដឹងថា នៅអំឡុងប្រហែលជាង១០ឆ្នាំមុន ជនរងគ្រោះបានបង្កើតសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្ម លក្ខណៈគ្រួសារ។
លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះ បានយកគ្រាប់ប្រភេទពុំស្គាល់ ដោយប្រើម៉ូទ័រមកអារកាត់កែច្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន។ រំពេចនោះស្រាប់តែផ្ទុះគ្រាប់យ៉ាងសន្ធឹក ដែលបណ្ដាលឱ្យជនរងគ្រោះស្លាប់ដាច់សាច់ខ្ទាតជាបំណែក នៅជុំវិញកន្លែងកើតហេតុតែម្ដង។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕