(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងរៀបរាប់ប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញអង្គភាពព័ត៌មាន Fresh News ថាថ្ងៃនេះបើនិយាយពីព្រះនគរ គឺយើងឃើញទិវាដ៏មហោទ្បារិកពិធីសម្ពោធវិមានគណបក្សប្រជាជនកម្ពុជាដ៏ស្រស់បំព្រង ដើម្បីអបអរសាទរខួបលើកទី៦៩ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា គឺប្រៀបបានវិមានគណបក្សប្រជាជនកម្ពុជាប្រតិស្ថានទ្បើងដើម្បី«សន្ដិភាព» បន្ទាប់ពីការបែកបាក់ជាតិប្រមាណ៥០០ឆ្នំាមក។
បានន័យថាវិមានដែលមានកម្ពស់៥ជាន់, បណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ, និងកម្ពស់ដល់កំពូលពេជ្រ៤៨ម៉ែត្រ រចនាទ្បើងតាមរចនាបថខ្មែរបុរាណប្រាសាទបន្ទាយស្រី ប្រាសាទអង្គរ និងសម័យកណ្ដាល ជាស្ថាបត្យកម្ម «រួមសម័យ» នេះគឺបង្ហាញអំពីទស្សនវិជ្ជាភាពរុងរឿងនៃចក្រភពខ្មែរផង និងភាពថមថយនៃចក្រភពខ្មែរផង បន្ទាប់ពីការធ្លាក់ចុះនៃអារ្យធម៌អង្គរ។
ក្នុងន័យនេះចំពោះវិមានដោយឈរបង្អួតខ្លួនយ៉ាងស្កឹមស្កៃ ស្រស់ត្រដែតនេះ មានតួនាទីស្វែងរកសន្ដិភាព ផ្សះផ្សាជាតិ និងថែរក្សាផ្សព្វផ្សាយអំពីគុណតម្លៃ ជាសកលក្នុងសម័យទំនើបយើងនេះ។
លោក រត្ន័ សណ្ដាប់ បន្ដថាបើយើងពិនិត្យវិមានគណបក្សប្រជាជនកម្ពុជា យើងឃើញប្រាង្គកំពូលបី ផុសអណ្ដែតលើវេហា រចនាអាគារពណ៌ «ស» គឺប្រាប់ខេមរជនខ្មែរក្នុងកម្ពុជរដ្ឋគ្រប់ជំនាន់ថាមានវិមានគណបក្សប្រជាជនកម្ពុជា គឺមានសន្ដិភាព ឯកភាពជាតិ ដោយមិនប្រកាន់ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយដែលជាគ្រឹះនៃអារ្យធម៌អង្គរដ៏ស្រស់បវរនៃយើង។
ម្យ៉ាងទៀតចំពោះវិមានប្រាង្គកំពូលបី រចនាអាគារពណ៌ «ស» នេះទៀតសោត ជាការប្រាប់ផងដែរថាការពារដាច់ខាតនូវបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ស្របតាមស្មារតីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលព្រះនគរជារៀងដរាប។ ព្រោះក្នុងប្រព័ន្ធជំនឿខ្មែរលេខបី ឬលេខសេសជាលេខរស់ ឬអមតៈ។ មួយវិញទៀតបើនិយាយអំពីប្រព័ន្ធជំនឿនេះទៀតសោត ប្រាង្គកំពូលបី ផុសអណ្ដែតលើព្ធដ៏វេហាស៍នេះផងដែរ ក៏ជាការទំនាក់ទំនងរវាងឋានសួគ៌និងឋានមនុស្ស ដើម្បីថែរក្សាព្រះនគរជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងតំាងបុរាណរៀងមក។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើឈរលើប្រវត្ដិសាស្រ្ដ ចំពោះវិមានគណបក្សប្រជាជនកម្ពុជា បានតភ្ជាប់រវាងអតីត បច្ចុប្បន្ន អនាគត ដោយឈរលើ«សន្ដិភាព»ជាព្រះកន្លោងព្រះនគរ។ ដោយហេតុថាព្រះនគរពេលនេះ បានក្លាយជាមហានគរនៃសុខសន្ដិភាព និងការសប្បាយរីករាយ។ មហានគរនេះបានចាកផុតហើយនូវការបង្ហូរឈាម និងទឹកភ្នែកដែលខេមជនខ្មែរបានពើបប្រទះជាច្រើនសតវត្សកន្លងមក។
ប្រវត្ដិសាស្រ្ដប្រាប់ថាគ្រឹះនៃអារ្យធម៌អង្គរ ក្រោយពីប្រទេសបានបង្រួបបង្រួមជាតិដោយបរិបូណ៍នាឆ្នាំ៨០២ បានពង្រីកឥទ្ធិពលចេញពីលើកំពូលភ្នំគូលេន មាននាមថា រាជធានីមហេន្រ្ទបព៌ត បានធ្វើឲ្យប្រជាជាតិខ្មែរ ក្លាយជាចក្រភពល្បីសុះសាយពេញពិភពលោក។ បច្ចុប្បន្នកុលបុត្រខ្មែរ បានចាប់ផ្ដើមកសាងជាតិនិងពង្រីកឥទ្ធិពលសារជាថ្មី ចេញពីរាជធានីភ្នំពេញ មាននាមថាចតុមុខមង្គលមហានគរ។
បើដូច្នេះ វិមានគណបក្សប្រជាជនកម្ពុជាប្រតិស្ថានទ្បើងដើម្បី«សន្ដិភាព» បានរះទ្បើងចំាងឆ្លុះចេញពីរាជធានីភ្នំពេញ បានបង្ហាញឲ្យពិភពលោកមើលឃើញច្បាស់ថា «កម្ពុជាកំពុងរីកស្រស់បំព្រងទៅកាន់ពិភពលោក» ដូចសម័យអង្គរសារជាថ្មី៕