(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ បានអំពាវនាវជាថ្មីចំពោះប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរគ្រឿងអេតចាយ សូមបញ្ឈប់ការយកគ្រប់សំណល់ពីសង្គ្រាមមកកែឆ្នៃ ព្រោះវាខុសច្បាប់ និងគ្រោះថ្នាក់ដល់អាយុជីវិត។

ការចេញមកអំពាវនាវជាថ្មីយ៉ាងដូច្នេះរបស់មេស៊ីម៉ាក់រូបនេះ ធ្វើឡើងបន្ទាប់ពីនោះថ្ងៃទី២៨ ខែមិថុនានេះ នៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល មានករណីផ្ទុះគ្រាប់កាំភ្លើងធំ១០៥មីលីម៉ែត្រ ស្លាប់បុរស អាយុ៥៥ឆ្នាំជាម្ចាស់ស្តង់ទិញលក់អែតចាយ និងកែឆ្នៃធ្វើឧបករណ៍គ្រឿងបន្លាស់ផេ្សងៗ។

លោក ហេង រតនា បានលើកឡើងយ៉ាងដូច្នេះថា «សូមចូលរួមសោកស្តាយ ជាមួយគ្រួសារសព។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវជាថ្មី ចំពោះប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរគ្រឿងអេតចាយ សូមបញ្ឈប់ការយកគ្រប់សំណល់ពីសង្គ្រាមមកកែឆ្នៃ ព្រោះវាខុសច្បាប់ និងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង សមាជិកគ្រួសារ និងអ្នកជិតខាង។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែមិថុនានេះ បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសាកសពត្រូវបែកខ្ចាយជាបំណែកៗ ដោយសារឥទ្ធិពលនៃគ្រាប់បែក ដែលខ្លួនបានយកមកកែច្នៃ គ្មានបច្ចេកទេស។

ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល៕