(បាត់ដំបង)៖ លោកស្រី ខៀវ ស៊ីណា អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ធំ និងជាភរិយាលោក ជា ចាន់តូ ទេសភិបាលធនាគារជាតិនៃកម្ពុជា នាំយកសម្ភារបំរើឲ្យការអប់រំ ជូនដល់ព្រះសង្ឃបដិបត្តិធម្មវិបស្សនាកម្មដ្ឋាន សមណនិស្សិត និងនិស្សិតកំពុងសិក្សា នៅសាខាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជខេត្តបាត់ដំបង និងពុទ្ធិសាសនា។
សម្រាប់សម្ភារបរិក្ខាបំរើឲ្យការអប់រំ ដែលប្រគេនព្រះសង្ឃនោះរួមមាន៖ កុំព្យួទ័រលើតុ, ព្រីនធ័រ, លែបថប រួមទាំងថវិកាមួយចំនួនប្រគេនព្រះសង្ឃ ដើម្បីផ្គត់ផ្គង់ក្នុងការសិក្សា។
លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានថ្លែងឲ្យដឹងថា សម្ភារផ្នែកអប់រំទាំងអស់នេះ គឺជាការឆ្លើយតបនឹងការបិណ្ឌបាត របស់ព្រះសង្ឃទាំងពីរកន្លែង ដែលកំពុងខ្វះខាតសម្ភារទាំងអស់ក្នុងការសិក្សា សាមននិស្សិតសិស្ស និស្សិតដែលភាគច្រើនសុទ្ធអ្នកមានការខ្វះខាតមកពីខេត្តផ្សេងៗ។
លោកស្រីបន្ថែមថា សម្ភារដែលបាននាំមកប្រគេនពេលនេះ នឹងចូលរួមរួមចំណែក ជួយសម្រាលការលំបាករបស់សមណនិស្សិត និងនិស្សិតក្រីក្រ ដែលកំពុងសិក្សាពុទ្ធិ កសាកលវិទ្យាល័យក៏ដូចអង្គការពុទ្ធិសាសនា ដើម្បីការអប់រំនៃកម្ពុជា ដែលបាននិងកំពុង ជួយបណ្ដុះបណ្ដាលកុមារកំព្រា និងអ្នកមានជីវភាពខ្វះខាតក្នុងសហគមន៍។
លោកស្រីក៏បាន ផ្ដល់ក្រុមជំនាញអាយធី (IT) ឲ្យជួយរៀបចំប្រពន្ធ័ណែតវ៉ើ (Network), ប្រព័ន្ធគ្រប់គ្រងសមណនិស្សិត និងនិស្សិត ប្រពន្ធ័គ្រប់គ្រងបណ្ណាល័យផងដែរ។
លោកស្រីបានសន្យាថា នឹងបន្តជួយដល់សាខាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជខេត្តបាត់ដំបងជាបន្តបន្ទាប់ទៀត ដើម្បីឲ្យសាកលវិទ្យាល័យមានលទ្ធភាព នៅក្នុងការបណ្ដុះបណ្ដាលធនធានព្រះសង្ឃ និងនិស្សិត។
ព្រះយសបញ្ញា វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ខេត្តបាត់ដំបង បានថ្លែងអំណរគុណ ចំពោះទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លា របស់លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ជានិច្ចកាលតែងជួយឧបត្ថម្ភទាំងម្ភារៈ និងស្មារតីជួយដល់ការលំបាក សាសកលវិទ្យាល័យ។ ព្រះអង្គនៅបានចាត់ទុកកាយវិការ ដ៏សប្បុរសនេះជាគំរូដ៏ល្អមួយ សម្រាប់មនុស្សជំនាន់ក្រោយៗទៀតផង។
ព្រះអង្គបន្ថែមថា ចំពោះសម្ភារសិក្សាទាំងអស់នេះ ជាចំណែកមួយនៅក្នុងការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល និងគណៈសង្ឃក្នុងការបង្កើតធនធានមនុស្សនៅកម្ពុជាកាន់តែបានច្រើន និងប្រកបដោយចំណេះដឹងចំណេះជំនាញ និងសមត្ថភាព ដើម្បីយកទៅបំពេញការងារបានសមរម្យ និងចូលរួមអភិវឌ្ឍប្រទេស ជាមួយរាជរដ្ឋាភិបាលផងដែរ៕