(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា (SECC) បានលើកឡើងថា ធនាគារ អេស៊ីលីដា គឺជាក្រុមហ៊ុនចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) មួយ ដែលមានគុណភាព ក្នុងការជួយជំរុញសន្ទុះផ្សារភាគហ៊ុនកម្ពុជា ខណៈដែលក្នុងមួយថ្ងៃមានអ្នកទិញ-លក់ភាគហ៊ុន ក្នុងរង្វង់ជាមធ្យម៤០០ ទៅ៥០០នាក់។
ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីធនាគារអេស៊ីលីដា ចុះបញ្ជី (បញ្ជីលក់មូលបត្រកម្មសិទ្ធិ-ភាគហ៊ុន) ហើយយើងមានអ្នកទិញអ្នកលក់ ក្នុងរង្វង់ជាមធ្យម៤០០ ទៅ៥០០នាក់ ក្នុងមួយថ្ងៃ...ជាចំនួនមួយ ដែលសមប្រកប ដែលធៀបនឹងឆ្នាំ២០១៩»។
អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានបញ្ជាក់ទៀតថា «ភាគហ៊ុន អេស៊ីលីដា គឺជាភាគហ៊ុនមួយដែលមានអ្នកទិញអ្នកលក់ច្រើន អីចឹងហើយធ្វើឲ្យចំនួន អ្នកទិញកើននៅក្នុងទីផ្សារមូលបត្រ ដែលធ្វើឲ្យទីផ្សាររបស់យើងសកម្មជាងមុន ទោះបីមានបញ្ហាប្រឈម [បញ្ហាកូវីដ១៩] ប៉ុន្ដែភាពសកម្មនេះ ដោយសារតែយើងទទួលបានក្រុមហ៊ុនចុះបញ្ជីមួយ ដែលមានគុណភាព [អេស៊ីលីដា]»។
លោក ស៊ូ សុជាតិ ក៏បានឲ្យដឹងផងដែរថា ក្នុងដំណាក់កាលនៃការលក់ដំបូង របស់គណៈកម្មការមូលបត្រកម្ពុជា ក៏ជួបប្រឈមជាមួយវិនិយោគិនដែរ ព្រោះថា អ្នកវិនិយោគិនមួយចំនួន មានការរារែក ប៉ុន្តែនៅតែមានវិនិយោគិន ដែលមានភាពច្បាស់លាស់ ដែលឲ្យឈ្មោះថា វិនិយោគិន ដែលបានផ្ដល់នូវទំនុកចិត្តខ្ពស់មកផ្សារមូលបត្រកម្ពុជា។
គូសបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទី១ នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលបត្រនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) នៅផ្សារមូលបត្រកម្ពុជា។
ភាគហ៊ុនរបស់ធនាគារអេស៊ីលីដាជាង៤លានហ៊ុន ស្មើនឹង១ភាគរយនៃភាគហ៊ុនសរុបរបស់ធនាគារ ត្រូវបានចុះបញ្ជីលក់ នៅផ្សារមូលបត្រកម្ពុជា។ តម្លៃនៃការជួញដូរមូលបត្រជាសាធារណៈលើកដំបូង (IPO) របស់អេស៊ីលីដា មានតម្លៃ១៦,២០០រៀលក្នុង១ហ៊ុន។ តម្លៃ IPO នេះ ធ្វើធនាគារប្រមូលទុនប្រមាណជាង១៧លានដុល្លារ។ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ តម្លៃភាគហ៊ុននៃការជួញដូរចុងក្រោយរបស់អេស៊ីលីដា មានតម្លៃ ១៨,៣០០រៀលក្នុងមួយហ៊ុន៕