(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG-RWSSH តំណាងលោកអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ទី២ និងលើកទិសដៅត្រីមាសទី៣ ឆ្នាំ២០២០ របស់ក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត (PWG-RWSSH) នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនខេត្ត។
នៅក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ តំណាងនាយកដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រីប្រធានស្ដីទី មន្ទីរអភិវឌ្ឍន៍ជនបទ លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកអភិបាលរងក្រុង ស្រុកទាំង៨ លោក-លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក-លោកស្រី តំណាងអង្គការដៃគូនានា លោក-លោកស្រីសមាជិកលេខាធិការដ្ឋាន PWG-RWSSH ថ្នាក់ខេត្ត។
លោក តូច ប៉ូលីវ៉ា បានថ្លែងថា កិច្ចប្រជុំនេះ គឺមានគោលបំណងផ្ដោតទៅលើការពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាព៖
* ការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ត្រីមាសទី១ និងទី២ ឆ្នាំ២០២០ និងទិសដៅបន្តដែលអនុវត្តដោយរដ្ឋបាលក្រុង ស្រុក អង្គការដៃគូ និងមន្ទីរពាក់ព័ន្ធ។
* ការពង្រឹងសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរឡើងរវាងមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលក្រុង ស្រុក និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។
* ការពិភាក្សាអំពីផែនការបំរុងទុកឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩(COVID-19) ខេត្តស្វាយរៀង។
* ការពិភាក្សាកំណត់យន្តការ និងធ្វើផែនការសកម្មភាពសម្រាប់កិច្ចប្រជុំត្រីមាសទី៣ ឆ្នាំ២០២០របស់ក្រុមការងារ PWG-RWSSH និងការកំណត់ចំនួនភូមិ និងឃុំដែលត្រូវសម្រេចបាន ODF ក្នុងត្រីមាសទី៣ ឆ្នាំ២០២០៕