(កំពង់ធំ)៖ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ បន្តដឹកនាំកិច្ចប្រជុំ ស្តីពីការតាមដានគាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ ស្របទៅតាមរាជរដ្ឋាភិបាល បាននិងកំពុងដាក់ឲ្យអនុវត្តនាពេលបច្ចុប្បន្ន។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពី «ការតាមដានគាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩» របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅសាលាស្រុកសណ្តាន់ ដោយមានការចូលរួមពីអភិបាលស្រុកសណ្តាន់ និងតំណាងសមាជិកឃុំ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ រួមនឹងសមាជិក សមាជិកាជាច្រើនរូបផ្សេងទៀត។
លោក លេង ផាលី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ បានថ្លែងឲ្យដឹងថា «ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឧបត្ថម្ភថវិកាចំនួន១៨,៣០៥,០០០រៀល (ដប់ប្រាំបីលានសាមសិបម៉ឺនប្រាំពាន់រៀល) ដើម្បីការជួយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ ក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំនេះ»។
លោកបន្តថា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ បានចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានចុះអនុវត្តនូវការងារផ្សេងៗ មុនពេលដែលរដ្ឋាភិបាល ជូនដំណឹងណែនាំស្តីពី «ការតាមដានគាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺ កូវីដ-១៩»។
បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំក្រុមការងារក៏បានបន្តចុះចែកអំណោយ ជូនដល់ជនក្រីក្រចំនួន៣០គ្រួសារ ថែមទាំងបានឧបត្ថម្ភថវិកាកសាងស្ពាន និងឧបត្ថម្ភថវិកាព្រះវស្សា នៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ សរុបទឹកប្រាក់ ១៨,៣០៥,០០០រៀល (ដប់ប្រាំបីលានសាមសិបម៉ឺនប្រាំពាន់រៀល) ដែលក្នុងនោះរួមមាន៖
១៖ អង្ករ១ការ៉ុង ស្មើ ២៥គីឡូក្រាម
២៖ មី១កេស ស្មើ ៣០កញ្ចប់
៣៖ ទឹកត្រី ១យួរ ស្មើ ៦ដប
៤៖ ទឹកស៊ីអ៊ីវ ១យួរ ស្មើ ៦ដប
៥៖ ស្ករស ១គីឡូក្រាម
៦៖ អំបិល ១គីឡូក្រាម
៧៖ ប៊ីចេង កន្លះគីឡូក្រាម
៨៖ ខ្ទឹម ១គីឡូក្រាម
៩៖ សាប៊ូលុច ១ប្រអប់ ស្មើ ៤ដុំ
១០៖ ម៉ាស់ ៥០ប្រអប់ ស្មើ២៥០០ម៉ាស់
១១៖ ថវិកា ចំនួន ៧២,០០០រៀល (ប្រាំពីរម៉ឺនពីរពាន់រៀល) គិតជាថវិកាសរុបអស់ចំនួន១០,៦៦៥,០០០រៀល (ដប់លានហុកសិបប្រាំមួយម៉ឺនប្រាំពាន់រៀល)
១២៖ ឧបត្ថម្ភថវិកាកសាងស្ពាន ចំនួន២,៦០០,០០០រៀល (ពីរលានហុកសិបម៉ឺនរៀល)
១៣៖ ឧបត្ថម្ភថវិកាទៀនព្រះវស្សា ចំនួន៥,១៦០,០០០រៀល (ប្រាំលានដប់ប្រាំមួយម៉ឺនរៀល)។
សូមជម្រាបជូនថា អំណោយមួយចំនួនរួមជាមួយនឹងជាថវិកាកសាងស្ពាន និងថវិកាទៀនព្រះវស្សា របស់ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកសណ្តាន់នេះ គឺតាមរយៈលោក ជៀក គឹមឡុង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំទំរីង និងក្រុមការងារ៕