(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានលើកឡើងថា មន្ត្រីនគរបាលជាតិ ត្រូវទទួលខុសត្រូវលើកាតព្វកិច្ចខ្លួនឲ្យបានល្អ ពិសេសគោលនយោបាយទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាអាជ្ញាធរ និងជាអាណាព្យាបាល របស់ពលរដ្ឋក្នុងមូលដ្ឋាន។
ការលើកឡើងបែបនេះ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ ប៉ែន វិបុល តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាក់ថា ចំពោះបញ្ហាដោះស្រាយនៅតាមមូលដ្ឋាន ឬការងារផ្សេងៗទៀត មន្ត្រីនគរបាលថ្នាក់ក្រោមត្រូវដោះស្រាយឲ្យបានល្អ និងឲ្យមានប្រសិទ្ធភាព ជាពិសេស ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាពការណ៍ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យជាប់ និងបានលឿន ពិសេសប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍។
បន្ថែមពីនេះ អគ្គស្នងការរងនគរបាលជាតិ ក៏បានជំរុញឲ្យគ្រប់អង្គភាពទាំងអស់ ត្រូវអនុវត្តតាមវិធានការណ៍ការពារជំងឺ COVID-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជួយអប់រំផ្សព្វផ្សាយទៅតាមមូលដ្ឋានរៀងៗ ខ្លួនជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ដោយបានផ្តល់សេវាឆាប់រហ័ស និងការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋាន បានយ៉ាងល្អប្រសើរនាពេលកន្លងមក ព្រមទាំងជំរុញឲ្យបន្តលើកិច្ចការងារនេះ ឲ្យកាន់តែល្អទ្វេរឡើងបន្ថែមទៀត។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ផងដែរថា ចំពោះមន្ត្រីនគរបាលជាតិនៅខេត្តត្បូងឃ្មុំ ដែលទើបប្រកាស់តែងតាំង និងដំឡើងឋានន្តស័ក្ដិ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ អនុវត្តន៍នូវកាតព្វកិច្ច ភារកិច្ចការងាររបស់ខ្លួនឲ្យបានល្អឥតខ្ចោះ ពិសេសអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ត្រូវតែធ្វើការបង្ក្រាបឲ្យបានជាដាច់ខាតនូវ រាល់ទង្វើបង្កចាលចល និងអំពើអបាយមុខផ្សេងៗ។
បន្ថែមពីនេះ លោកស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏បានបង្ហាញពីវឌ្ឍនៈភាពរបស់ស្នងការនគរបាលខេត្ត ដែលបានធ្វើការសាងសង់អគារសម្រេចបានចំនួន០៦ខ្នង អគារស្នាក់នៅ០២ខ្នង ក្នុងនោះមានរោងឡានទឹកចំនួន០៥ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ចាប់សាងសង់ពីខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះសម្រេចបាន ៨៥% សរុបទឹកប្រាក់អស់ប្រមាស ជិត១.៣លានដុល្លារ ក្រោមការចង្អុលដឹកនាំ និងជំនួយឧបត្ថម្ភពី សម្តេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ព្រមទាំងសប្បុរសជននានា និងរូបលោកផ្ទាល់ ក៏ដូចជាសហការីមួយចំនួន ទទួលបន្ទុកក្នុងការសាងសង់ផងដែរ។
សូមបញ្ជាក់ថា មន្ត្រីនគរបាលជាតិ ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេច ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនៅថ្ងៃនេះ សរុបទាំងអស់ចំនួន៧៦នាក់ រួមមាន៖ ប្រកាសមុខតំណែងចំនួន១០នាក់, បំពាក់ឋានន្តរសក្កិចំនួន ៦៦នាក់ ក្នុងនោះថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន០១នាក់, វរសេនីយ៍ឯក ចំនួន០៥ នាក់, វរសេនីយ៍ទោ ចំនួន២២នាក់ និងវរសេនីយ៍ត្រី ចំនួន៣៨នាក់៕