(កណ្តាល)៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំលោក-លោកស្រីស្នងការរង នាយ-នាយរង និងមន្ត្រីនគរបាលខេត្ត ដង្ហែទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅវត្តបុទុមសាគរ (ហៅវត្តក្របៅ) ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ដើម្បីទុក សម្រាប់ប្រើប្រាស់ក្នុងពេលចូលព្រះវស្សា រយៈពេល៣ខែខាងមុខនេះ។
ក្រៅពីទៀនព្រះវស្សាធំមួយគូរ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ក៏បានប្រគេនស្លាដក០៥, អង្ករចំនួន១០បាវ, ទឹកក្រូច ០៥កេស, ទឹកផ្លែឈើ០៥កេស, ទឹកសុទ្ធ ១០កេស, ត្រីខកំប៉ុង១០យួរ, ទឹកស៊ីអីវ០៥យួរ, ទឹកត្រី០៥យួរ, មីម៉ាម៉ា០១កេសធំ, ប្រេងម៉ាស៊ូត០២កាន និងបច្ច័យចំនួន២,៤០០,០០០រៀល ដល់ព្រះសង្ឃសម្រាប់តម្កល់ទុក ប្រើប្រាស់ក្នុងវត្ត។ ក្រោយពីកម្មវិធីបានបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ ក៏បានជូនថវិកាដល់លោកតាអាចារ្យ០៣នាក់ ១៥០,០០០រៀល ,យាយជី តាជី ៣៤នាក់ ៦៨០,០០០រៀល ,ប្រជាការពារ ១៦នាក់=៣២០,០០០រៀល។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ ពិធីបុណ្យនេះប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥កើត ខែអស្សុជ។ បងប្អូនដែល ជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃ តាមលទ្ធភាព។
ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថា ពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់ រយៈពេលបីខែ។ មួយវិញទៀតនេះជាការជួយដល់វត្តអារាម ក្នុងការមានទៀន ប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ៕