(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា បញ្ហាសិទ្ធិមនុស្ស គ្មានប្រទេសណាមួយធ្វើចប់ ហើយធ្វើបានល្អឥតខ្ចោះនោះទេ ខណៈបច្ចុប្បន្នកម្ពុជាមានយន្តការច្បាប់ជាច្រើនពាក់ព័ន្ធនឹងសិទ្ធិមនុស្សនិងការរើសអើងពូជសាសន៍ជាដើម។ល។
ការលើកឡើងបែបនេះរបស់លោក ជិន ម៉ាលីន បានធ្វើឡើងក្រោយបញ្ចប់កិច្ចពិភាក្សាការងាររវាងលោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Pradeep Wage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការតាមដានការអនុវត្តអនុសាសន៍ UPR និងការបង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានលោក ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា៖ «ពីព្រោះរឿងសិទ្ធិមនុស្សនេះ គ្មានប្រទេសណាមួយដែលធ្វើចប់ ហើយល្អឥតខ្ចោះនោះទេគឺតែងតែមានចំណុច ខ្វះខាត ហើយសិទ្ធិមនុស្សនេះ គឺធ្វើយ៉ាងម៉េចឱ្យម នុស្សរស់នៅបានល្អប្រសើរឡើង ហើយទៅតាមសេចក្តីត្រូវការរបស់មនុស្សដែលទាមទារតម្រូវការឥតឈប់ឈរ»។
លោក ជិន ម៉ាលីន បានឱ្យដឹងថា និយាយជារួមកម្ពុជាជាប្រទេសដែលមានប្រជាជនរស់នៅមានជីវភាពសមរម្យ ទទួលបានសេវាសង្គមល្អ ការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរដ្ឋាភិបាលលើបញ្ហាសិទ្ធិមនុស្ស ដូចជាការបញ្ចេញមតិជាដើម ខណៈប្រទេសមួយចំនួនទៀតកំពុងតែរឹតត្បិត រុកគួនការរើសអើងពូជសាសន៍ ព្រមទាំងខ្វះខាតលើសេវាសង្គមជាច្រើនដែលប្រជាជនកម្ពុជាកំពុងតែទទួលបានក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះ សម្រាប់កម្ពុជា មិនទាន់មានបញ្ហាពាក់ព័ន្ធការរើសអើងពូជសាសន៍នោះទេ គឺពួកគាត់រស់នៅដោយភាពសុខុដុមរមនា ដោយមិនមានហឹង្សា ជម្លោះណាមួយរវាងជាតិសាសន៍ផ្សេងៗគ្នា ដែលរស់នៅក្នុងសង្គមកម្ពុជា ឬការរឹតត្បិតរុកគួនពីរដ្ឋាភិបាលនោះទេ។
លោក ជិន ម៉ាលីន បានបន្តថា ជាក់ស្តែងថ្មីៗនេះ កម្ពុជាបានបញ្ជូនគណៈប្រតិភូមួយក្រុម ទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីការពាររបាយការណ៍សិទ្ធិមនុស្សរបស់កម្ពុជា ពាក់ព៏ន្ធការរើសអើងពូជសាសន៍ ដែលបានដាក់ជូនអង្គការសហប្រជាជាតិទាន់ពេលវេលា។ បន្ថែមពីនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបញ្ជូនប្រតិភូទៅការពាររបាយការណ៍ផ្សេងៗទៀតផងដែរ ព្រមទាំងទទួលយកអនុសាសន៍មួយចំនួន របស់អង្គការសហប្រជាជាតិ ដើម្បីយកមកអនុវត្តន៍បន្តទៀត។
លោកបានបញ្ជាក់ថា៖ «ជាទូទៅកម្ពុជាយើងបានសម្រេចការងារជាច្រើនពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍នេះ រួមទាំងយន្តការច្បាប់ យើងមានយន្តការច្បាប់ជាតិរបស់យើង ក្របខណ្ឌច្បាប់ ក្របខណ្ឌគោលនយោបាយ និងយន្តការនៃការអនុវត្តន៍ មែនទែនពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍ដូចជាមិនមានអីធំដុំអីប៉ុន្មានទេ នៅកម្ពុជាគ្រប់ជាតិសាសន៍ បានរស់នៅជាមួយគ្នាប្រកបដោយសុខុដុមរមនា»។
ក្នុងនាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលដឹកនាំដោយលោក កែវ រ៉េមី និងក្នុងនាមរដ្ឋាភិបាលកម្ពុជា, លោក ជិន ម៉ាលីន បានបន្ថែមថា កិច្ចការងារសិទ្ធិមនុស្សនេះ គឺកម្ពុជាធ្វើការមិនឈប់ឈរ ជាដាច់ខាត ទោះបីបច្ចុប្បន្ននេះ សិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរឡើងក៏ដោយ ក៏ប៉ុន្តែ ត្រូវតែខិតខំធ្វើវាឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដូច្នេះរាល់អនុសាសន៍ល្អនានា ដែលទទួលបានគឺកម្ពុជាត្រូវតែខិតខំអនុវត្តឱ្យបាន៕