(ភ្នំពេញ)៖ ក្រសួងផែនការបានចេញសេចក្តីបំភ្លឺមួយ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះដោយបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេលជំងឺវីដ១៩ គឺ ផ្តល់ជូនតែគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលកំពុងកាន់បណ្ណសមធម៌មានសុពលភាពប៉ុណ្ណោះ។

ក្រសួងនេះបានអះអាងថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០មកក្រសួងផែនការសង្កេតឃើញមានប្រជាជនមួយចំនួន និងមានការប្រមូលផ្ដុំតាមរយៈអ្នកបំផុសឱ្យតវ៉ា ដើម្បីទទួលបានបណ្ណសមធម៌ និង ទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរាជរដ្ឋាភិបាល។

ក្រសួងបានអះអាងទៀតថា ដើម្បីតម្លាភាព និងដោះស្រាយជូនប្រជាជន ដូចបានជម្រាបជូនខាងលើ នៅខេត្តបន្ទាយមានជ័យ ប៉ៃលិន និងស្វាយរៀង ក្រសួងផែនការបានចាត់តាំងក្រុមការងារចុះដោះស្រាយ ដែលបានរៀបចំទុករួចជាស្រេច រួមទាំងអាជ្ញាធរថ្នាក់ស្រុក ឃុំ /សង្កាត់ និងភូមិ ចុះដល់ទីកន្លែងដែលបានបំផុសការតវ៉ាភ្លាមៗ និងទទួលបានលទ្ធផលដូចខាងក្រោម ៖

* គ្រួសារខ្លះកាន់បណ្ណសមធម៌ដែលហួសសុពលភាព
* គ្រួសារភាគច្រើនជាគ្រួសារដែលមានជីវភាពប្រសើរ
* សមាជិកគ្រួសារខ្លះកំពុងរស់នៅជាមួយគ្រួសារកូនដែលមានជីវភាពប្រសើរ
* គ្រួសារខ្លះ លឺការប្រកាសរបស់រាជរដ្ឋាភិបាល និងឃើញគ្រួសារក្រីក្រទទួលបានការឧបត្ថម្ភ ជាសាច់ប្រាក់ក៏ចង់បានដូចគេដែរ។

ឆ្លងតាមលទ្ធដែលបានចុះដោះស្រាយនៅទីកន្លែងភវាផ្ទាល់ជាថ្មីម្ដងទៀត និងដើម្បីរក្សាបាននូវ សេចក្ដីថ្លៃថ្នូរ និងការយោគយល់ដល់គ្រួសារក្រីក្រ ក្រសួងផែនការបានជម្រាបជូនប្រជាពលរដ្ឋយើងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេលជំងឺវីដ១៩ គឺ ផ្តល់ជូនតែគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលកំពុងកាន់បណ្ណសមធម៌មានសុពលភាពប៉ុណ្ណោះ ដូច្នេះបើ គ្រួសារណាគិតថាខ្លួនក្រ ឬងាយរងគ្រោះ និងដើម្បីរក្សាបាននូវភាពត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូរ សូមមេត្តានាំគ្នាទៅសាលាឃុំ/សង្កាត់ដែលខ្លួនរស់នៅអចិន្ត្រៃយ៍ ដើម្បីស្នើសុំដាក់ពាក្យសុំសម្ភាសន៍។

ក្នុងករណីមាន បញ្ហា៖ (១) បណ្ណសមធម៌ ដូចជា រហែក ឬ បាត់បង់ ឬ មានភាពមិនប្រក្រតី និង (២) ភាពមិនប្រក្រតីលើ គ្រួសារក្រីក្រណាមួយ សូមទាក់ទងលេខទូរស័ព្ទ ០៩៥ ៣៦៣ ៦៨៨/០១២ ៣៩១ ០១៦៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ក្រសួងផែនការ៖