(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចជិត១.៨លានហិកតាស្មើនឹង៦៩.២៤% នៃផែនការជាង២.៥លានហិកតា ខណការនាំចេញកសិផលវិញ សម្រេចចំនួនជាង៤លានតោន ដែលមានការកើនឡើងល្អប្រសើរ។
លោករដ្ឋមន្ត្រី វេង សាខុន បានបង្ហាញនូវរបាយការណ៍ល្បឿនការងារបង្កបង្កើនផលរដូវវស្សា និងការនាំចេញផលិផលកសិកម្មយ៉ាងដូច្នេះថា៖
១៖ ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០
គិតមកត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រួសបាន ១ ៧៩១ ៩៦៤ ហិកតា ស្មើនឹង ៦៩.២៤% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិកតា លើសឆ្នាំមុន ៣៣៧ ៥៩១ ហិកតា ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៥៩៥ ៣០៥ ហិកតា លើសឆ្នាំមុន ៨៤ ៦៨៥ ហិកតា, ស្រូវកណ្តាលចំនួន ៨៣១ ១៦៨ ហិកតា លើសឆ្នាំមុន ២២៤ ៣២២ ហិកតា, ស្រូវធ្ងន់ចំនួន ៣១៤ ៧៩៩ ហិកតា លើសឆ្នាំមុន ២៧ ៧៦៤ ហិកតា, ស្រូវចម្ការចំនួន ១៧ ៦៨២ ហិកតា តិចជាងឆ្នាំមុន ១ ៣២៩ ហិកតា, ស្រូវឡើងទឹកចំនួន ៣៣ ០០៦ ហិកតា ។
ទន្ទឹមនឹងនេះ កសិករបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ១៣ ៨៣៧ ហិកតា ទទួលបរិមាណផលសរុបចំនួន ៥៥ ៥០៥ តោន ទិន្នផលគិតជាមធ្យម ៤.០១តោន/ហិកតា។
២៖ ល្បឿនការងារបង្កបង្កើនផលដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម រដូវវស្សាឆ្នាំ២០២០
ក៖ ការដាំដុះដំណាំសាកវប្បកម្ម៖ (ពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក) សម្រេចបាន ៤៣ ៨៩២ ហិកតា ស្មើនឹង៨៨.៨១% នៃផែនការ ៤៩ ៤២០ ហិកតា លើសឆ្នាំមុន ៧ ៩២៩ ហិកតា។
ខ៖ ការដាំដំណាំឧស្សាហកម្ម៖ (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី, សណ្តែកសៀង, ល្ង, អំពៅ, ក្រចៅ, ថ្នាំជក់, និងឈូក) សម្រេចបានចំនួន ៦៤៥ ៥១១ ហិកតា ស្មើនឹង ៧៣.៨១% នៃផែនការ ៨៧៤ ៥៩៥ ហិកតា លើសឆ្នាំមុន ១៤ ៥៧០ ហិកតា។
៣៖ ការនាំចេញផលិតផលកសិកម្ម ឆ្លងកាត់ច្រកចេញចូលតែមួយ និងមិនបានឆ្លងកាត់
ចំពោះការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល៦ខែ ក្រសួងបានពិនិត្យឃើញថាមានការកើនឡើងល្អប្រសើរ។ ដោយ
ឡែកចំពោះបរិមាណ នៃការនាំចេញផលិតផលកសិកម្មសរុប ចំនួនជាង៤លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ អង្ករ សម្រេចបាន ៣៩៧ ៦៦០ តោន មានកំណើន ៤១.២៥% ដែលធៀបទៅនឹងរយៈពេល៦ខែដើមឆ្នាំ២០១៩ បាននាំចេញទៅកាន់ ៥៦ ប្រទេស។
២៖ ស្រូវ សម្រេចបាន ៩៨៣ ៥០៨ តោន ថយចុះ ៥១.៩០%, នាំចេញទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។
៣៖ គ្រប់ស្វាយចន្ទី សម្រេចបាន ១៩៣ ២១៣ តោន មានកំណើន ១៨.០៣%, នាំចេញទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង បារាំង និងថៃ
៤៖ ចេកស្រស់ សម្រេចបាន ១៤០ ៥៦៦ តោន មានកំណើន ១៥០.៤២%, បាននាំចេញទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។
៥៖ ក្រូចថ្លុង សម្រេចបាន ១១ ៤០០ តោន ទៅកាន់ប្រទេសថៃ ។
៦៖ ដំណាប់ស្វាយ សម្រេចបាន ៤ ២៧៦ តោន មានកំណើន ២២១,៩៦%, បាននាំចេញទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ និងវៀតណាម។
៧៖ ម្សៅដំឡូងមី សម្រេចបាន ១២ ០០២ តោន បានថយចុះ ៥៣,៩៦%, បាននាំចេញទៅកាន់ប្រទេស ឥណ្ឌា, ចិន, ប៊ែលហ្សិក និងអ៊ីតាលី។
៨៖ ស្វាយស្រស់ សម្រេចបាន ៤៦ ២០០ តោន មានកំណើន ៥៨,១៤%, បាននាំចេញទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង ។
៩៖ ម្រេច សម្រេចបាន ២ ៧៩៦ តោន មានកំណើន ១៨,៧៥%, បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស,វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់ និងប្រទេសអូស្ត្រាលី។
១០៖ ម្ទេសស្រស់ ៣៥ ៣៧៧ តោន មានកំណើន ១៧៣,០៨% និងម្ទេសក្រៀម ១ ២០០ តោន ស្មើនឹងឆ្នាំ២០១៩, បាននាំចេញទៅកាន់ប្រទេសថៃ ។
១១៖ មានផលិតផលជាង៥០មុខដទៃទៀត៕