(កំពត)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះអង្គទាំងទ្វេ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់បងប្អូនប្រជារាស្រ្តទទួលរងគ្រោះដោយខ្យល់ព្យុះចំនួន៣៣គ្រួសារ រស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
អញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះដែរ មានវត្តមានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួម ទទួលស្វាគមន៏ចំពោះវត្តមាន សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះអង្គទាំងទ្វេរ ពីសំណាក់លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត, ព្រមទាំងអាជ្ញាធរដែនដី មន្ត្រីក្នុងស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជារាស្ត្រក្នុងមូលដ្ឋាននេះ។
លោកអភិបាលស្រុកទឹកឈូ បានថ្លែងសុន្ទរកថាស្វាគមន៍ ថ្វាយព្រះពរ និងថ្លែងអំណរព្រះមហាករុណាទិគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបន្តរួមសុខរួមទុក្ខជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គរស់នៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ លោកអភិបាលស្រុក បានធ្វើសេចក្តីរាយកាណ៍អំពី ស្ថានភាពខ្យល់ព្យុះ នៅរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានភ្លៀងធ្លាក់ជាខ្លាំងបណ្តាលឲ្យមានខ្យល់កន្ត្រាក់ បានបក់បោកលំនៅដ្ឋានរបស់បងប្អូនប្រជារាស្ត្រអស់ចំនួន៣៣ខ្នង ក្នុងនោះដួលរលំផ្ទះទាំងស្រុងចំនួន ០៥ខ្នង របើកដំបូល និងជញ្ជាំងផ្ទះ ចំនួន ២៨ខ្នង។
មានប្រសាសន៏សំណេះសំណាល ក្នុងឱកាសដ៏ប្រសើរនោះសម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតនៃយើង ព្រះអង្គមានព្រះរាជហឬទ័យ នឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យអាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួត របស់ព្រះអង្គដែលទទួលរងគ្រោះ ដោយខ្យល់ព្យុះរស់នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដែលកំពុងជួបប្រទះនូវការលំបាក ខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជាការប្រឈមមុខទៅនឹងការខ្វះខាតស្បៀងអាហារ ទីជំរក ការខូចខាតនូវភោគផលដំណាំ និងទ្រព្យសម្បត្តិផ្សេងៗ។
ហេតុនេះហើយ ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទាន សម្តេចចៅហ្វាវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គនាំមកនូវព្រះរាជអំណោយចែកជូនបងប្អូន ទាំង៣៣គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរបស់បងប្អូន។
សម្តេចចៅហ្វាវាំង បានជូនពរជ័យសិរីមង្គល សូមបងប្អូនបានប្រកបតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត និងបានចម្រុងចម្រើន ក្នុងជីវភាពគ្រប់ក្រុមគ្រួសារជាដរាបតរៀងទៅ។
ព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេចចៅហ្វាវាំង ព្រះរាជតំណាង និងថ្នាក់ដឹកនាំ ក្រសួងព្រះបរមរាជវាំង បានចែកជូនដល់បងប្អូនប្រជារាស្ត្រក្រីក្រ ទទួលរងគ្រោះដោយខ្យល់ព្យុះ មានចំនួនសរុបជាមេគ្រួសារ៣៣នាក់ រស់នៅក្នុងភូមិត្រពាំងរពៅ ស្រុកទឹកឈូ ខេត្តកំពត ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ចំនួន១បាវ ស្មើ៥០គ.ក្រ, ឃីត ចំនួន១កញ្ចប់ ក្នុងនោះមាន (មុង១, ភួយ១, ក្រមា១, សារុង១), មីចំនួន១កេស ស្មើ៣០កញ្ចប់, ត្រីខចំនួន ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១, សាប៊ូ ចំនួន៥ដុំ, ថវិកា ចំនួន៨០ម៉ឺនរៀល សម្រាប់ប្រជារាស្ត្ររងគ្រោះរលំផ្ទះ ចំនួន៥ខ្នង និងថវិកា ចំនួន៤០ម៉ឺនរៀល សម្រាប់ប្រជារាស្ត្ររងគ្រោះរបើកដំបូល និងជញ្ជាំងផ្ទះ ចំនួន២៨ ខ្នង។
ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់បងប្អូនប្រជារាស្រ្ត រស់នៅក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត នៅពេលនេះគឺជាព្រះរាជហឬទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ដែលព្រះអង្គតែងតែមានព្រះរាជហឬទ័យ ទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនមានជីវភាពខ្សត់ខ្សោយទទួលរងគ្រោះដោយគ្រោះធម្មជាតិមានខ្យល់ព្យុះ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម ត្រូវបានព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់នៃយើង ព្រះអង្គប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដ៏ឧត្តុងឧត្តមគ្រប់បែបយ៉ាង ទាំាំងព្រះរាជអំណោយ សំរាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ព្រះរាជអំណោយជាឧត្តមប្រយោជន៍ សំរាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើអោយជីវភាពរស់នៅរបស់ប្រជារាស្រ្ត កាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។
គួរបញ្ជាក់ជូនថា ការប្រោសព្រះរាជទាន ព្រះរាជអំណោយព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដល់បងប្អូនប្រជារាស្រ្តរងគ្រោះដោយខ្យល់ព្យុះ ចំនួន៣៣គ្រួសាររស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត នៅពេលនេះបានប្រព្រឹត្តទៅ បន្ទាប់ពីព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទាន ព្រះរាជអំណោយដ៏ថ្លៃថ្លាជួយដោះស្រាយបញ្ហាជីវភាពរបស់ប្រជារាស្ត្រកី្រក្រ ទទួលរងគ្រោះដោយខ្យល់ព្យុះ នៅក្នុងខែមិថុនាកន្លងទៅនេះ ក្នុងនោះមានប្រជារាស្ត្រចំនួន ៥៩គ្រួសារ រស់នៅក្នុងឃុំ ពាម និងឃុំ ស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ មានចំនួន ៣៤២ គ្រួសារ នៅស្រុកបរិបូរណ៍ ខេត្ត កំពង់ឆ្នាំង ចំនួន ០៦ គ្រួសារ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំនួន២៩គ្រួសារ និងនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចំនួន៣៩គ្រួសារ ។
ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយ ទាំង៣៣គ្រួសារ រស់នៅក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះសព្ទសាធុការពរ ដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹង ព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាព ដ៏ល្អបរិបូណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ ដល់កូនចៅ ចៅទួតរបស់ ព្រះអង្គជាដរាបតរៀងទៅ ៕