(ភ្នំពេញ)៖ តាមការគ្រោងទុក កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានលើកទៅរៀបចំនៅពាក់កណ្តាលឆ្នាំ២០២១វិញ ដោយសារតែវិបត្តិកូវីដ១៩។ នេះបើតាមសេក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិ្កការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ។
ការប្រកាសពន្យារពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រី ASEM13 ក្រោមអធិបតីភាពលោក សុក ស៉ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាឧត្តមមន្ត្រីកម្ពុជា ទទួលបន្ទុកកិច្ចការអាស៉ី-អឺរ៉ុប ព្រមទាំងមានការចូលរួមពី ឧត្តមមន្ត្រីនៃបណ្តាប្រទេសជាដៃគូ ASEM ទាំងអស់ផងដែរ។ កិច្ចប្រជុំនេះ បានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០២០នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារតែផលវិបាកអាក្រក់ នៃការរីករាលដាលជំងឺកូវីដ១៩ ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចការអាស៉ី-អឺរ៉ុបទាំងអស់ បានបង្ហាញការឯកភាពប្រកបដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទ ចំពោះសំណើរបស់កម្ពុជា សុំលើកពេលកិច្ចប្រជុំកំពូល ASEM13 នេះ ទៅប្រព្រឹត្តនៅពាក់កណ្តាលឆ្នាំ២០២១វិញ»។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោកបណ្ឌិត សុក ស៉ីផាន់ណា បានសម្តែងនូវអំណរគុណដ៏ស្មោះ ចំពោះប្រទេសដៃគូ ASEM ទាំងអស់ដែលបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣។ លោកបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំទាំងផ្នែកឡូជីស្ទីក និងខ្លឹមសារ ដើម្បីធានាឱ្យបាននូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»។
អង្គប្រជុំក៏បានលើកឡើងពីសេចក្តីត្រូវការ នៃការលើកកម្ពស់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបរួមទៅលើបញ្ហា នៃការ រីករាលដាលនៃជំងឺកូវីដ-១៩ ដែលមិនមែនគ្រាន់តែបង្កឱ្យមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាលសាធារណៈនៅទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ ឧត្តមមន្រ្តីអាស៉ី-អឺរ៉ុបទាំងអស់ បានពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រដ្ឋមន្រ្តីអាស៉ី-អឺរ៉ុប ស្តីពីជំងឺកូវីដ-១៩ ដែលត្រូវបានរំពឹងថា នឹងអាចដាក់ចេញនៅពាក់កណ្តាល ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ។
ជាចុងបញ្ចប់អង្គប្រជុំបានសម្តែងនូវការស្វាគមន៍រង់ចាំចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៉ី-អឺរ៉ុប បន្ទាប់ ដែលប្រទេសអាល្លឺម៉ង់បច្ចុប្បន្ន ជាប្រធានប្តូរវេនក្រុមប្រឹក្សាអឺរ៉ុបនឹងរៀបចំធ្វើឡើងនៅចុងខែកញ្ញា ឆ្នាំ២០២០ ៕