(កំពង់ធំ)៖ ខណៈដែលស្រែស្រូវមួយចំនួនរបស់ប្រជាកសិករកំពុងខ្វះខាតទឹកស្រោចស្រព យុទ្ធនាការឆ្លើយតបភ្លាមៗតាមសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈលោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ធំ កងអន្តរាគមន៍នៃបញ្ជារការដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ផាន់ រួមជាមួយក្រសួងធនធានទឹក ដឹកនាំដោយលោក ងួន កូឡេនីន អនុរដ្ឋលេខាធិការ និងការចូលរួមរបស់ប្រជាពលរដ្ឋ។
យុទ្ធនាការនេះធ្វើឡើងរយៈពេល១០ថ្ងៃដំបូង ចាប់ពីថ្ងៃទី២៣ ខែមិថុនាមក ដោយបានជួយសង្គ្រោះស្រូវបានចំនួន ១,១៧០ ហិកតាហើយ ក្នុងចំណោមស្រូវដែលត្រូវសង្គ្រោះបន្ទាន់ជាង ៣,០០០ ហិកតា។
នៅថ្ងែទី៤ ខែកក្កដា លោកឧត្តមសេនីយ៍ យ៉ា ទូច មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ ដែលបានចុះត្រួតពិនិត្យសកម្មភាពបូមទឹករួមជាមួយលោក ថោង ខុន បានថ្លែងក្នុងនាមលោកមេបញ្ជាការ ហុីង ប៊ុនហៀង ថា លោកនឹងរួមជាមួយលោក ថោង ខុន ប្រធានក្រុមការងារក្រសួងធនធានទឹក សមត្ថកិច្ចពាក់ព័ន្ធរដ្ឋបាលខេត្ត ស្រុក និងប្រជាពលរដ្ឋខិតខំប្រយុទ្ធបន្តទៀត លុះត្រាណាស្រូវទាំងអស់នៅតំបន់អភិវឌ្ឍន៍ហ៊ុនសែនទី៥នេះ ពិសេសនៅវាលជុំវិញអាងទឹកសម្តេចតេជោទន្លេជុំ ក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ និងឃុំទ្រៀល ក្នុងស្រុកតាំងគោកនេះ ត្រូវបានសង្គ្រោះទាំងអស់ជាង ៣,០០០ ហិកតា។
ប្រជាជនមានការសប្បាយរីករាយដោយស្រូវរបស់ពួកគេត្រូវបានសង្គ្រោះ ហើយពួកគាត់បានថ្លែងអំណរអរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់នូវកងអន្តរាគមន៍ចុះបូមទឹកបញ្ចូលស្រែជួយពួកគាត់៕