(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានថាមន្ត្រីដែលឆ្លៀតឱកាសកឹបកេង ឬទាញយកប្រយោជន៍ពីការឆ្កៀល និងបែកចេញដីព្រៃរបស់រដ្ឋជូនទៅប្រជាពលរដ្ឋកំពុងរស់នៅ និងអាស្រ័យផលនោះ នឹងត្រូវមានទោសទៅច្បាប់ជាធរមាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកជាថ្មីថា មន្ត្រីអ្នកមានអំណាច និងមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ហើយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។
ទន្ទឹមនឹងការបញ្ជាឱ្យរៀបចំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីលក្ខខណ្ឌត្រូវអនុវតន៍មួយចំនួនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។
សម្តេចតេជោបន្ថែមថា ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។
ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានយកដីរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា កន្លងមកសម្តេចបានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចឱ្យទៅកាប់រុករានទន្ទ្រានយកដីឱ្យខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្ទ្រានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី ១០ ទៅ២០ ក៏សម្តេចបានដឹង និងកំណត់អត្តសញ្ញាណ និងមុខសញ្ញារួចអស់ហើយដែរ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់ជនដែលធ្វើសកម្មភាពទាំងនេះ បើរកឃើញថាបានប្រព្រឹត្តិមែននោះ នឹងត្រូវចាប់ខ្លួន៕