(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងឲ្យចេញវីដេអូសុំទោសជាសាធារណៈ ក្រោយស្រ្តីរូបនេះបានបង្ហោះវីដេអូជេរប្រមាថ សមត្ថកិច្ចតាមបណ្តាញសង្គម TikTok។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះថា ស្ត្រីរូបនេះមានឈ្មោះ ញ៉ កញ្ញា ដែលបានផុសជេរប្រមាថមើលងាយសមត្ថកិច្ចលើប្រព័ន្ធបណ្តាញសង្គម TikTok។
លោកបានបញ្ជាក់ថា ស្ត្រីរូបនេះមានមុខរបរជាភ្នាក់ងារលក់អចលនទ្រព្យ ដែលមានគណនី Tiktok ឈ្មោះ @kanhanour12 បានបង្ហោះវីដេអូមានខ្លឹមសារប្រមាថមើលងាយដល់កិត្តិយសមកលើសមត្ថកិច្ចតាមប្រព័ន្ធបណ្តាញសង្គម Tiktok។
លោកថា «ដោយមានការសហការរវាងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា យើងបានធ្វើការកោះហៅឈ្មោះ ញ៉ កញ្ញា ឲ្យចូលខ្លួនមកបំភ្លឺ។ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយបានធ្វើកិច្ចសន្យាសុំទោស និងបានថតវីដេអូធ្វើការសុំទោសជាសារធាណៈ នូវកំហុសដែលខ្លួនបានជេរប្រមាថមកលើសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់»៕