(ភ្នំពេញ)៖ ដូចយើងដឹងស្រាប់ហើយថា សកលភាវូបនីយកម្មបង្កើតឱ្យមានទាំងឱកាស និងការប្រឈមពិសេសសហគ្រាសបរទេស ដែលមកធ្វើជំនួញនៅកម្ពុជា។
សហគ្រាសទាំងនោះធ្វើជំនួញជាច្រើនប្រទេសហើយ ក៏មានការបែងចែកធនធានដូចជាកំលាំងពលកម្ម វត្ថុធាតុដើម កម្មសិទ្ធបញ្ញា និងធនធានដទៃទៀតផងដែរ តាមបណ្តាប្រទេសនីមួយៗ។ សហគ្រាសខ្លះមានបុត្រសម្ព័ន្ធនៅកម្ពុជា។ សហគ្រាសបុត្រសម្ព័ន្ធទាំងនោះ ទិញវិត្ថុធាតុដើមពីសហគ្រាសមេហើយលក់ផលិតផលនោះ ទៅសហគ្រាសមេវិញនៅឯបរទេស។
ការបែងចែកចំណូលចំណាយ ក្នុងចំណោមបុគ្គលជាប់ទាក់ទិនទាំងនេះ ពេលខ្លះជាបញ្ហាប្រឈមសម្រាប់សហគ្រាសទាំងនោះ ពិសេសការអនុលោមតាមច្បាប់ពន្ធដារ។ ថ្ងៃនេះ សូមណែនាំលោក សាន្ត ចន្ទកុម្ភៈ ដែលជាគណនេយ្យករជំនាញផ្នែកសវនកម្ម គណនេយ្យនិង ពន្ធដារ ដែលលោកចូលខ្លួនមកបកស្រាយតាមរបៀបសំនួរ និងចម្លើយបច្ចេកទេសងាយយល់ដូចខាងក្រោម៖
១៖ តើអ្វីទៅជាការបែងចែកចំណូលចំណាយ ក្នុងចំណោមបុគ្គលជាប់ទាក់ទិន?
ពេលគេនិយាយអំពីការបែងចែកចំណូលចំណាយ ក្នុងចំណោមបុគ្គលជាប់ទាក់ទិនគេសំដៅទៅលើពាក្យគន្លឹះពីរ។ ទីមួយគឺ ថ្លៃផ្ទេរ និងទីពីរគឺបុគ្គលជាប់ទាក់ទិន។ ថ្លៃផ្ទេរសំដៅដល់ថ្លៃរបស់ទំនិញ សេវា ឬទ្រព្យដែលបានផ្គត់ផ្គង់ ក្នុងចំណោមបុគ្គលទាក់ទិន។ ចំណែកបុគ្គលទាក់ទិនមានលក្ខណពីរយ៉ាង ដែលយើងអាចកត់សម្គាល់បាន។
បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិន លេខ៩៨៦ សហវ.ប្រក ចុះថ្ងៃទី២០ខែតុលាឆ្នាំ២០១៧ បានចែងយ៉ាងច្បាស់លាស់ថា បុគ្គលជាប់ទាក់ទិនសំដៅដល់៖
ក៖ សមាជិកណាម្នាក់ក្នុងរង្វង់ញាតិអ្នកជាប់ពន្ធ
ខ៖ សហគ្រាសដែលគ្រប់គ្រងដោយអ្នកជាប់ពន្ធ ឬសហគ្រាសត្រូវបានអ្នកជាប់ពន្ធគ្រប់គ្រង ឬក៏សហគ្រាសនោះ និងអ្នកជាប់ពន្ធស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នា។ ពាក្យ «គ្រប់គ្រង» មានន័យថាមានកម្មសិទ្ធចាប់ពី ២០ភាគរយ ឡើងទៅលើតម្លៃនៃភាគកម្ម នៅក្នុងដើមទុនផ្ទាល់របស់រូបវន្តបុគ្គលនៅ និងកម្មសិទ្ធិផ្ទាល់ ឬប្រយោលរបស់សហព័ទ្ធអ្នកជាប់ពន្ធ។
និយាយដោយសាមញ្ញគឺថា នៅពេលសហគ្រាសលក់ ឬទិញផលិតផល សេវា ទ្រព្យសកម្ម ផ្តល់កម្ចីឬក្នុងរូបភាពផ្សេងទៀតជាមួយបុគ្គលជាប់ទាក់ទិន សហគ្រាសនោះត្រូវផ្ទេរថ្លៃជាមួយបុគ្គលជាប់ទាក់ទិននោះ។ ឧទាហរណ៍ជាសាមញ្ញ គឺថាឪពុកម្នាក់បើកជំនួញលក់ឡាន។ ថ្ងៃមួយគាត់ចង់លក់ឡានមួយគ្រឿងឱ្យកូនប្រុសគាត់។ ជាធម្មតាឡានប្រភេទ ដែលគាត់ចង់លក់ឱ្យកូនប្រុសគាត់មួយគ្រឿងគឺ១០ម៉ឺនដុល្លារអាមេរិចនៅលើទីផ្សារ។ តែដោយសារតែអតិថិជននេះ ជាកូនប្រុសគាត់ហើយក៏ជាបុគ្គលជាប់ទាក់ទិន ដោយសារកូនប្រុសគាត់ជាសមាជិកម្នាក់ ក្នុងរង្វង់ញាតិអ្នកជាប់ពន្ធ ឪពុកនោះក៏លក់ឱ្យតែ៧ម៉ឺនដុល្លារប៉ុណ្ណោះ។ ឧទាហរណ៍ទៀតថា ពិភពលោកនេះគ្មានការបង់ពន្ធដារទេ។ ប្រតិបត្តិការនេះ គឺប្រាកដណាស់ថាចំណេញទៅកូនប្រុសគាត់ ហើយការចំណេញ និងខាតគឺរវាងឱពុក និងកូន។ តែការពិតមិនដូច្នេះទេ។ ក្រុមហ៊ុនលក់ឡាននេះ ត្រូវបង់ទាំងពន្ធអាករលើតម្លៃបន្ថែម ដែលហូតទុកពីការលក់ឡានជូនអតិថិជន និងបង់ពន្ធលើប្រាក់ចំណូលជាដើម ជូនអគ្គនាយកដ្ឋានពន្ធដារ។
បញ្ហានេះហើយដែលនាំឱ្យមានច្បាប់ និងបទបញ្ញតិផ្សេងៗ ដើម្បីឱ្យប្រាកដថាការបែងចែកចំណូលចំណាយ ក្នុងចំណោមបុគ្គលជាប់ទាក់ទិនប្រព្រឹត្ត ទៅតាមលក្ខខណ្ឌគោលការណ៍ជំហោងដៃ ដើម្បីឱ្យប្រាកដថាពុំមានការបន្ទាបថ្លៃ ដើម្បីគេចវេសពីការបង់ពន្ធជូនរដ្ឋ។ ចំណែកសហគ្រាសក៏ដូច្នេះដែរ គឺត្រូវគោរពតាមច្បាប់ និងបទបញ្ញត្តិផ្សេង ដើម្បីជៀសវាងនូវការពិន័យផ្នែកពន្ធដារធ្ងន់ធ្ងរ។
តាមបទពិសោធន៍ជាក់ស្តែង យើងសង្កេតឃើញថា សហគ្រាសដែលជាបុត្រសម្ព័ន្ធរបស់សហគ្រាសបរទេសនៅកម្ពុជា លំបាកក្នុងការពន្យល់ ទៅអគ្គនាយកដ្ឋានពន្ធដារថា ប្រតិបត្តិការជាមួយបុគ្គលជាប់ទាក់ទិនរបស់ពួកគេ គឺអនុវត្តតាមគោលការណ៍ជំហោងដៃ។
២៖ តើអ្វីទៅជាគោលការណ៍ជំហោងដៃ?
បើនិយាយពីគោលការណ៍ជំហោងដៃខ្ញុំ សុំលើកជាឧទាហរណ៍តែម្តង។
គោលការណ៍នេះទាក់ទង និងពាក្យគន្លឹះសំខាន់ៗពីរគឺ ប្រតិបត្តិការគ្មានការរៀបចំ និងប្រតិបត្តិការមានការរៀបចំ។
ឧទាហរណ៍ទីមួយគឺថា សហគ្រាស «ក» លក់ផើងចម្រោះទឹកឱ្យសហគ្រាស «ខ» ចំនួន១០០ផើងដែលមួយផើងតម្លៃ១០ម៉ឺនរៀល។ សហគ្រាសទាំងពីរមិនជាប់ទាក់ទិនគ្នាទេ។ ប្រតិបត្តិការលក់ទិញនេះ ជាប្រតិបត្តិការគ្មានការរៀបចំ។ កិច្ចសន្យាទិញលក់នេះ ជាកិច្ចសន្យាដែលអនុវត្តតាមគោលការណ៍ ជំហោងដៃហើយ។
ឧទាហរណ៍ទីពីរ គឺថា សហគ្រាស «ក» លក់ផើងចម្រោះទឹកឱ្យសហគ្រាស «ខ» ចំនួន១០០ផើងដែលមួយផើងតម្លៃ៨ម៉ឺនរៀល។ សហគ្រាសទាំងពីរជាប់ទាក់ទិនគ្នា ដោយសារសហគ្រាស «ក» ជាភាគហ៊ុននិកចំនួន៥១% នៃភាគហ៊ុនសរុបរបស់ សហគ្រាស «ខ»។ ប្រតិបត្តិការលក់ទិញនេះ ជាប្រតិបត្តិការមានការរៀបចំ។ កិច្ចសន្យាទិញលក់នេះជាកិច្ចសន្យា ដែលមិនប្រាកដថា អនុវត្តតាមគោលការណ៍ជំហោងដៃទេ។
៣៖ តើគេមានវិធីសាស្ត្រសម្រាប់បែងចែកចំណូលចំណាយ ក្រោមគោលការជំហោងដៃប៉ុន្មានវិធីដែរ?
អនុលោមតាមមាត្រា ១៨ នៃច្បាប់ស្តីពីសារពើពន្ធដើម្បីបែងចែកចំណូលចំណាយ ក្នុងចំណោមបុគ្គលទាក់ទិនក្រោមគោលការណ៍ជំហោងដៃ អ្នកជាប់ពន្ធអាចប្រើប្រាស់ វិធីមួយឬច្រើនដូចខាងក្រោម៖
ក៖ វិធីថ្លៃគ្មានការរៀបចំអាចធៀបបាន (Comparable Uncontrolled Price-CUP)
ខ៖ វិធីថ្ងៃផ្គត់ផ្គង់បន្ត (Resale Price Method-RPM)
គ៖ វិធីបន្ថែមលើថ្លៃដើម (Cost Plus Method-CPM)
ឃ៖ វិធីកម្រិតចំណេញសុទ្ធនៃប្រតិបត្តិការ (Transactional Net Margin Method-TNMM)
ង៖ វិធីញែកចំណេញ (Profit Split Method-PS)
សូមបញ្ចាក់ថាអគ្គនាយកដ្ឋានពន្ធដារ តម្រូវឱ្យអ្នកជាប់ពន្ធរៀបចំ និងផ្តល់ភស្តុតាង និងឯកសារគាំទ្រសម្រាប់ វិធីដែលបានជ្រើសរើសយកមកប្រើ។ ក្នុងករណីចាំបាច់ រដ្ឋបាលសារពើពន្ធមានសិទ្ធិណែនាំ និងកំណាត់ឱ្យអ្នកជាប់ពន្ធប្រើប្រាស់វិធីណាមួយ ដែលសមស្របនឹងស្ថានការជាក់ស្តែង របស់អ្នកជាប់ពន្ធ។
៤៖ តើលោកអាចពន្យល់បានទេថា វិធីនីមួយៗ ជាការអនុវត្តអាចប្រើបាន ចំពោះប្រតិបត្តិការយ៉ាងដូចម្ត៉េច?
ខ្ញុំអាចពន្យល់បានដូចខាងក្រោម៖
ក៖ វិធីថ្លៃគ្មានការរៀបចំអាចធៀបបាន (Comparable Uncontrolled Price-CUP)៖ ប្រើប្រាស់សម្រាប់ការទិញលក់ទ្រព្យ ឬសេវាដែលយើងអាចស្វែងរកថ្លៃ ដែលជាប្រតិបត្តិការគ្មានការរៀបចំ មកប្រៀបធៀបបាន។ វីធីសាស្ត្រប្រើប្រាស់ច្រើន នៅបណ្តាប្រទេសអឺរ៉ុប ដែលជាសមាជិករបស់អង្គការ OECD។ វិធីសាស្ត្រនេះពេលខ្លះលំបាក ក្នុងការអនុវត្តដោយសារយើងមិនដឹងទៅ រកថ្លៃដែលជាប្រតិបត្តិការគ្មាន ការរៀបចំមកប្រៀបធៀបបានដោយវិធីណា។
ខ៖ វិធីថ្ងៃផ្គត់ផ្គង់បន្ត (Resale Price Method-RPM)៖ វិធីនេះគេច្រើនប្រសិនបើអ្នកចែកចាយ បន្តទំនិញឬសេវានោះមិនបន្ថែមថ្លៃ ដើមច្រើនដែលអាចកត់សំគាល់បានទៅលើទំនិញ ឬសេវានោះ។ ម្យ៉ាងវិធីនេះគឺងាយយល់ជាងគេ។
គ៖ វិធីបន្ថែមលើថ្លៃដើម (Cost Plus Method-CPM)៖ វិធីនេះគឺជាវិធីដែលអាចអនុវត្តបានល្អជាង វិធីផ្សេងទៀតករណីការទិញលក់ទំនិញ ពាក់កណ្តាលសម្រេច កិច្ចព្រមព្រៀងប្រើប្រាស់កន្លែងអ្វីមួយរួមគ្នា កិច្ចសន្យាការទិញទំនិញឬសេវារយៈពេលយូរ ជាដើម។
ឃ៖ វិធីកម្រិតចំណេញសុទ្ធនៃប្រតិបត្តិការ (Transactional Net Margin Method-TNMM)៖ វិធីនេះគឺគេប្រើសម្រាប់ប្រតិបត្តិការ នៃការផលិតឬសេវាដែលកើតជាប្រចាំ និងមានហានិភ័យទាបព្រមទាំងប្រតិបត្តិការលក់ ឬចែកចាយដែលមានលក្ខណៈស្មុគស្មាញជាងនេះផងដែរ។
ង៖ វិធីញែកចំណេញ (Profit Split Method-PS)៖ វិធីសាស្រ្តនេះបើបានល្អនៅពេលភាគីទាំងពីរសុទ្ធតែ រួមចំណែកយ៉ាងសំខាន់ក្នុងការផលិត ទំនិញឬសេវានោះ។
សម្រាប់ការគណនា និងវិធានលម្អិតសម្រាប់វិធីនីមួយៗ សូមចូលទៅអានប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិន លេខ៩៨៦ សហវ.ប្រក ចុះថ្ងៃទី២០ខែតុលាឆ្នាំ២០១៧ ដែលមាននៅក្នុងតំណរនេះស្រាប់ https://www.tax.gov.kh/files/986MEF_20171010.pdf ។
៥៖ តើអ្នកជាប់ពន្ធត្រូវរៀបចំកាន់កាប់រក្សាទុកឯកសារអ្វីខ្លះ ដើម្បីអនុលោមតាមប្រកាស ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិននេះ?
អ្នកជាប់ពន្ធដែលមានប្រតិបត្តិការជាមួយ បុគ្គលទាក់ទិនត្រូវមានកាតព្វកិច្ចរៀបចំឱ្យបានត្រឹមត្រូវ នូវពត៌មានដូចខាងក្រោម៖
ក៖ ពត៌មានទូទៅរបស់សហគ្រាស និងបុគ្គលទាក់ទិនដូចជា ឯកសារបញ្ជាក់អំពីរចនាសម្ព័ន្ធ និងទំនាក់ទំនងក្នុងចំណោមសហគ្រាសសម្ព័ន្តញាតិ ឯកសារនិងរបាយការណ៍ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងអាជីវកម្ម និងបញ្ញាត្តិ និងនីតិវិធីពាក់ព័ន្ធការគ្រប់គ្រង និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ
ខ៖ ពត៌មានស្តីពីប្រតិបត្តិការរបស់សហគ្រាសដែលមានដូចជា គំនូសបំព្រួញ និងឯកសារពីពណ៌នាអំពីប្រតិបត្តិការ រួមបញ្ជូលទាំងពត៌មាន អំពីភាគីពាក់ព័ន្ធនិង លក្ខខណ្ឌនិងបែបបទនៃការផ្គត់ផ្គង់ ការដឹកជញ្ជូន ការទូទាត់។ល។ វារួមបញ្ជូលផងដែរនៅឯកសារថ្លៃដើមជាឯកតាព័ត៌មានសន្និធិ កិច្ចសន្យាទិញលក់ ពត៌មានទីផ្សារដែលនាំឱ្យប៉ពាល់ដល់ថ្លៃ ផលិតរបស់ផលិតផលជាដើម។
គ៖ ព័ត៌មានអំពីវិធីផ្ទេរថ្លៃដែលមានដូចជា គោលនយោបាយថ្លៃ ឯកសារគាំទ្រដល់ការជ្រើសរើសវិធីផ្ទេរថ្លៃនោះ ឯកសារជាភស្តុតាងបញ្ជាក់អំពីមូលដ្ឋាន និងជំហរក្នុងការចរចាររវាងអ្នកជាប់ពន្ធ និងសហគ្រាសសម្ព័ន្ធញាតិទាក់ទិន ទៅនឹងប្រតិបត្តិការអាជីវកម្ម និង ឯកសារផ្សេងទៀត ដែលទាក់ទិននឹងការផ្ទេរថ្លៃ។
ដោយសារការរៀបចំកាន់កាប់ រក្សាទុកឯកសារមានលក្ខណៈស្មុគស្មាញ ដែលតម្រូវឱ្យអ្នករៀបចំមានចំណេះដឹងពហុវិស័យដូចជា គណនេយ្យ ពន្ធដារ សេដ្ឋកិច្ច ច្បាប់ ពានិជ្ជកម្មអន្តរជាតិជាដើម អ្នកជាប់ពន្ធគួររកអ្នកប្រឹក្សាអាជីពណាមួយ ដែលទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារ ក្រុមប្រឹក្សាជាតិគណនេយ្យ និង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា។
សូមជម្រាបថា លោក សាន្ត ចន្ទកុម្ភៈ ជាគណនេយ្យករជំនាញ និងសវនករ ដែលទទួលស្គាល់ដោយ អគ្គនាយកដ្ឋានពន្ធដារ ក្រុមប្រឹក្សាជាតិគណនេយ្យ និង វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា។
លោកមានបទពិសោធន៍ ១៥ ឆ្នាំក្នុងវិស័យពន្ធដារ សវនកម្មនិងហិរញ្ញវត្ថុ។ លោកជាស្ថាបនិករបស់ សម្ព័ន្ថ Apollo ដែលមានដូចជាក្រុមហ៊ុន Apollo Investment & Consulting Co., Ltd. ដែលផ្តល់សេវាសវនកម្ម ពន្ធដារ គណនេយ្យនិង ការ ប្រឹក្សាយោបល់ជំនួញជាដើម។ ក្រុមហ៊ុន Apollo Institute of Advanced Sciences & Applied Business Co., Ltd. របស់លោកផ្តល់សេវាអប់រំដោយបង្រៀន កម្មវិធី ACCA ដែលជាដៃគូផ្លូវការ របស់ ACCA (Formal ACCA Silver Learning Partner) ។ ក្រុមហ៊ុន Apollo Training & Recruitment Co., Ltd. ផ្តល់សេវាសិក្សាវគ្គខ្លីទាក់ទង វិស័យ ហិរញ្ញវត្ថុ គណនេយ្យ ពន្ធដារ ការគ្រប់គ្រងហានិភ័យ សវនកម្មផ្ទៃក្នុង និងសេវាជ្រើសរើសបុគ្គលិកទាក់ទងនិងវិស័យបណ្តុះបណ្តាលនេះ។
បច្ចុប្បន្នលោកក៏ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Global Liquidity Exchange Co., Ltd. ដែលជាក្រុមហ៊ុនសមភាគីកណ្តាលមួយ ក្នុងចំណោមប្រាំក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ ពីគណៈកម្មការមូលប័ត្រផ្តល់ការលក់ទិញឧបការណ៍ និស្សន្ទ។
លោកក៏កាន់កាប់តំណែងបច្ចេកទេសសំខាន់ៗផ្សេងទៀត ដូចជានាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន BRM AGro Co., Ltd. ដែលជាក្រុមហ៊ុនកំពុងបោះមូលប័ត្រ នៅទីផ្សារភាគហ៊ុនកាណាដា និងជាសមាជិកឯករាជ្យ នៃក្រុមប្រឹក្សាភិបាលរបស់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រពៃជាដើម។ លោកក៏ជាអ្នកស្ម័គ្រចិត្តចេញវិញ្ញាសារប្រលង (Examiner) ឱ្យ Cambodia CPA និង Accounting Technician Qualification ដែលបង្កើតឡើងដោយ ក្រុមប្រឹក្សាជាតិគណនេយ្យ និង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា។
លោក សាន្ត ចន្ទកុម្ភៈ ទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យលីយ៉ុង II តាមរយៈកម្មវិធីសហប្រតិបត្តិការបារាំង។ លោកក៏បានទទួលសញ្ញាប័ត្រផ្សេងៗទៀតដូចជា សញ្ញាប័ត្រ ACCA មានប្រភពពីចក្រភពអង់គ្លេស និងសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគណនេយ្យអាជីពពីសាកលវិទ្យាល័យទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស (Master of Professional Accountancy)។
លោកអ្នកអាចទំនាក់ទំនងលោកដូចខាងក្រោម៖
Tel/Telegram: 081 288858
Email: [email protected]