(ភ្នំពេញ)៖ លោកស្រីឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងក្រុមគ្រួសារ ជីប ម៉ុង ទាំងអស់កាលពីពេលថ្មីៗកន្លងទៅនេះ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃចំនួន១២វត្ត នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និងបាត់ដំបង សម្រាប់ពិធីបុណ្យចូលព្រះវស្សា និងដើម្បីចូលរួម ចំណែកទ្រទ្រង់ដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ក្រុមហ៊ុន ជីប ម៉ុង បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុជាច្រើនដូចជា៖ ត្រៃលាង អង្ករ មី ទឹកបរិសុទ្ធ ប្រេងម៉ាស៊ូត ទឹកផ្លែឈើ ព្រមទាំងគ្រឿងឧបភោគបរិភោគ ជាច្រើនទៀតជូនវត្តមានដូចជា៖ វត្តទួលទំពូង, វត្តព្រះបាទជាន់ឯក, វត្តមហាមន្ត្រី, វត្តទ្រាសសរ, វត្តក្តីតាកុយ, វត្តភ្នំដិន, វត្តព្រែកតាទែន, វត្តពុទ្ធគិរី, វត្តស្រះស្រង់, វត្តអង្គពិលី, វត្តសំរោង, និងវត្តប្រាសាទ។
សូមរំលឹកថា ក្នុងពិធីបុណ្យចូលព្រះវស្សា គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើពិធីបុណ្យចូលព្រះវស្សា ដោយការដង្ហែទៀនវស្សា និងយកទេយ្យវត្ថុផ្សេងៗ ទៅប្រគេនព្រះសង្ឃនៅវត្តអារាមនានា ដើម្បីទទួលយកកុសលបុណ្យរៀងៗខ្លួន។
គួបញ្ជាក់ដែរថា ក្នុងវិស័យព្រះពុទ្ធសាសនាបានកំណត់ថា ពិធីចូលព្រះវស្សាបានចាប់ផ្តើមពីថ្ងៃ ១រោចខែ អាសាឍដល់ថ្ងៃ ១៥កើត ខែអស្សុជ ដែលមានរយ:ពេល៣ខែ។ ការធ្វើបុណ្យប្រគេនទៀនព្រះវស្សានេះ គឺសំដៅលើការបំពេញកិច្ចឧបត្តម្ភចំពោះព្រះសង្ឃដែលបានគង់ចាំព្រះវស្សា អាស្រ័យដោយរដូវនេះជារដូវភ្លៀងធ្លាក់យ៉ាងជោគជាំ ធ្វើឲ្យភិក្ខុក្នុងពុទ្ធមណ្ឌល ទីវត្តអារាមមានការលំបាកក្នុងការនិមន្តចុះឡើង ហេតុនេះទើបព្រះពុទ្ធទ្រង់បញ្ញត្តិ ឲ្យភិក្ខុចូលព្រះវស្សា ចាប់តាំងពីពេលនោះរៀងមកដល់ សព្វថ្ងៃនេះ។
នៅសម័យដើមការគង់ចាំព្រះវស្សា រយៈពេល៣ខែនេះ ដើម្បីឲ្យព្រះសង្ឃបានរួបរួមសាមគ្គីគ្នា ដើម្បីបដិបត្តិធម៌ព្រះពុទ្ធទាំង៩ម៉ឺន ៨ពាន់ព្រះធម្មក្ខន្នផងដែរ៕