(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានសេចក្ដីជូនដំណឹង ស្តីពីកា បើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៩)។
ក្រសួងការងារបានបញ្ជាក់ថា សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ៣ ៥៣៦នាក់ នៃរោងចក្រ សហគ្រាសទាំង១៩ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការ អនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជ្រាបថា ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាល រោងចក្រ សហគ្រាសនាពេលកន្លងមក។
ក្រសួងបន្តថា ការបើកប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារក្នុងនោះចំនួន៖
* ៦០ ៧៥០រៀល (១៥ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ
* ១២១ ៥០០រៀល (៣០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ
* ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់១ខែ។
ក្រសួងការងារបន្ថែមថា ដើម្បីចៀសវាងការលំបាក ក្នុងការបង្វិលថវិកាសងរាជរដ្ឋាភិបាលវិញ ក្នុងករណីរោងចក្រ សហគ្រាសសុំចូលធ្វើការមុន កាលកំណត់នៃរយៈពេលព្យួរកិច្ចសន្យាការងារ នោះប្រាក់ឧបត្ថម្ភនឹងត្រូវចែកចេញជា២ដង សម្រាប់បងប្អូនដែល ព្យួរកិច្ចសន្យាការងារចាប់ពី ២១ថ្ងៃ ដល់ ១ខែ, និងត្រូវបែងចែកជា៤ដង សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យា ការងាររយៈពេល ២ខែ ដោយក្នុង១ដង ស្មើនឹងថវិកាចំនួន ៨១ ០០០រៀល (២០ដុល្លារអាម៉េរិក)។
ក្រសួងសូមរំឮកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។
សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។ ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង១៩នេះ មិនបានទទួលសារ ទូរសព្ទពីធនាគារឯកទេសវីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។
ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មកររោងចក្រ សហគ្រាសដទៃផ្សេង ទៀតអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ៕