(ប៉ៃលិន)៖ ក្នុងឱកាសអញ្ជើញដឹកនាំ មន្ត្រីរាជការតាមមន្ទីរស្ថាប័ន អង្គភាព ជុំវិញ និង ព្រះសង្ឃ ធ្វើការដាំដើមផ្កាជើងគោចំនួន២០០ដើម នៅសងខាងផ្លូវបេតុង ស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា នៅថ្ងៃអនាគត កូនឈើ និងដើមផ្កា រាប់ពាន់ដើម នឹងត្រូវបានដាំនៅតាម ទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះអំពាវនាវឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងទីក្រុង។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចប្បន្នរដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
អភិបាលខេត្ត បានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃនេះ លោកបានដឹកនាំ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត និងព្រះសង្ឃ ចុះដាំដើមផ្កាជើងគោ នៅសងខាងផ្លូវបេតុងដែលទើប ស្ថាបនាថ្មី ក្នុងគោលបំណងចង់ឱ្យមន្ត្រីរាជការ និងព្រះសង្ឃ បង្ហាញពីចូលរួមចំណែកក្នុងការងារសង្គម និងការស្រលាញ់បរិស្ថាន ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងទី២ គឺដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និតស្នាល និងការទទួលខុសត្រូវខ្ពស់។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានជំរុញដល់មន្ទីរអង្គភាពជំនាញជុំវិញខេត្តទាំងអស់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ត្រូវមានការទទួលខុសត្រូវ ខ្ពស់ចំពោះការដាំ និងការថែទាំ ទៅតាមគោលដៅរបស់ខ្លួន ដែលរដ្ឋបាលខេត្តបានបែងចែក ដើម្បីរួមចំណែកលើកកំពស់សោភ័ណភាពសាធារណៈក្នុងខេត្ត៕