(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ចំពោះកុមារតូចៗ ដែលកំពុងតែរស់នៅជាមួយម្តាយក្នុងមណ្ឌលអប់រំកែប្រែនោះ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារចុះសម្របសម្រួលជាមួយមណ្ឌលអប់រំកែប្រែទី២ (ម២) និងអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា ដើម្បីនាំយកកុមារី២រូបជូនទៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការអប់រំ។
ការចុះទៅសម្របសម្រួលយកកុមារតូចទាំងពីរនាក់ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ដោយក្រុមការងាររបស់ អគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលក្នុងនោះមានកុមារីទី១៖ ឈ្មោះ រ៉ុង ជីងជីង អាយុ៣ឆ្នាំ ៨ខែ ដែលមានម្តាយជាជនជាតិខ្មែរ និងទី២៖ ឈ្មោះ នី អាន់ អាយុ៣ឆ្នាំ ៩ខែ មានម្តាយជាជនជាតិចិន ហើយបច្ចុប្បន្នកុមារីទាំងពីររូប កំពុងស្នាក់នៅជាមួយម្តាយក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២)។
លោក ជិន ម៉ាលីន អនុប្រធាននិងជាអ្នកនាំពាក្យរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែកក្កដានេះថា ក្រោយមានការសម្របសម្រួលនៅរសៀលនេះកុមារីតូចទាំងពីរនាក់ ត្រូវបានអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា យកមកចេញពីមណ្ឌលអប់រំកែប្រែទី២ «ម២» ដើម្បីយកទៅចិញ្ចឹមបីបាច់ថែរក្សា និងផ្ដល់ការសិក្សារៀនសូត្រ តាមការសម្របសម្រួលរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
អ្នកនាំពាក្យរូបនេះបានបន្តថា ការណ៍ដែលគណៈកម្មាធិការសិទ្ធិមនុស្សជានិច្ចកាលតែងតែងសម្របសម្រួលជាមួយមណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីយកកុមារតូចដែលកំពុងតែរស់នៅជាមួយម្តាយដែលជាប់ឃុំឃាំងក្នុងមណ្ឌលអប់រំកែប្រែនោះ គឺដើម្បីធានា និងការពារដល់សិទ្ធិរបស់កុមារ ហើយកន្លងមកក៏មានការសំណូមពរពីខាងមណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីយកកុមារដែលគ្រប់អាយុចូលរៀន ព្រមទាំងមានការយល់ព្រមពីសំណាក់ម្តាយរបស់កុមារទាំងនោះផងដែរ។
សូមជម្រាបថា កាលពីឆ្នាំ២០១៩ កន្លងមកនេះ លោក កែវ រ៉េមី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនៅមណ្ឌលអប់ប្រែរំម២មក ដោយបានឃើញស្រ្តីម្នាក់ជាប់ឃុំ ដោយសារមានទោសច្រើនបូកផ្សំបញ្ចូលគ្នា រហូតដល់ជាប់ទោស១៦៥ឆ្នាំ។ អ្វីដែលសំខាន់ គឺមានកូននៅជាមួយ ក្នុងនាមជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកពិតជាមានក្តីអាណិត និងរន្ធត់ក្នុងចិត្តខ្លាំងណាស់ដែលចាំបាច់ ត្រូវខិតខំរកអង្គការណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលទទួលយកក្មេងនោះ ហើយដែលអាចផ្តល់ទាំងអាហារ និងចំណេះដល់ក្មេងបាន។
បន្ថែមពីនេះ លោក កែវ រ៉េមី បានអំពាវនាវដល់មាតាបិតាកុំប្រព្រឹត្តល្មើសនឹងច្បាប់ ដែលធ្វើឱ្យប៉ះពាល់អនាគតកូនៗមិនទាន់ដឹងអ្វីនោះ ឱ្យទទួលរងគ្រោះដោយសារតែខ្លួន។ លោកក៏បានដាស់តឿនដល់នារី ដែលជាប់ឃុំនៅក្នុងមណ្ឌលអប់រំទាំងអស់ត្រូវខិតខំកែប្រែខ្លួន បន្ទាប់ពីអនុវត្តន៍ទោសរួចរាល់ត្រូវធ្វើជាមនុស្សល្អនៅក្នុងសង្គម ដើម្បីជាម្លប់ដល់កូនៗទាំងអស់ និងជាពិសេសផ្តល់ឱកាសសម្រាប់ឱ្យកូនតូចទាំងនេះ បានចូលសិក្សាដូចកុមារដទៃផ្សេងទៀតផងដែរ៕