(ភ្នំពេញ)៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រទេសរបស់លោក នៅតែបន្តគាំទ្រការងារបោសសម្អាតមីននៅកម្ពុជា ដោយផ្តល់ទឹកប្រាក់ប្រមាណ ៧,៦លានដុល្លារអូស្រ្ដាលីចាប់ពីឆ្នាំ២០២០-២០២៤។

ការបញ្ជាក់នេះបានធ្វើឡើងក្នុងឱកាសជំនួបទទួលទានអាហារការងារពេលព្រឹកជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងសហការីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

ឯកអគ្គរាជទូតអូស្រ្តាលី បានបញ្ជាក់ថា «រាជរដ្ឋាភិបាលអូស្ត្រាលី បានគាំទ្រ និងប្តេជ្ញាបន្តជួយដល់ការងារបោសសម្អាតមីន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍។ អូស្រ្តាលី បានបន្តផ្តល់ជំនួយដល់ការបោសសម្អាតមីន ចាប់ពីឆ្នាំ២០២០-២០២៤ នៅទឹកប្រាក់ចំនួន ៧,៦លានដុល្លារ អូស្រ្ដាលី តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV) ផងដែរ»

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមជាដៃគូដ៏មានសារៈសំខាន់មួយ និងរួមចំណែក យ៉ាងធំធេង ក្នុងការគាំទ្រដល់ការងារអភិវឌ្ឍន៍ និងវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងនោះ អូស្រ្តាលី បាននឹងកំពុងចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ចាប់តាំងពីឆ្នាំ១៩៩៤ ជាមួយនឹងទឹកប្រាក់ជាង ១០០លានដុល្លារអូស្រ្តាលី។

ជាលទ្ធផលក្នុងជំនួបទទួលទានអាហារការងារពេលព្រឹកនេះ អូស្រ្តាលីនឹងបន្ត៖

*គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើការងារបោសសម្អាតមីន ដែលដឹកនាំដោយអាជ្ញាធរមីន
*ជួយវិស័យសកម្មភាពមីននៅកម្ពុជា សម្រេចបានគោលដៅគ្មានមីនត្រឹម ឆ្នាំ២០២៥
*គាំទ្រការប្រកាសជាផ្លូវការនូវភូមិសុវត្ថិភាពគ្មានមីនជូនប្រជាពលរដ្ឋ
*គាំទ្រការរៀបចំសន្និសិទវិស័យសកម្មភាពមីននៅកម្ពុជា
*ទស្សនៈកិច្ចចម្ការមីននៅតាមបណ្តាខេត្តភាគខាងលិចប្រទេស។

ជាមួយគ្នានេះ ក្រៅពីការគាំទ្រនូវសកម្មភាពដោះមីននោះ ប្រទេសអូស្រ្តាលីក៏បានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕