(ភ្នំពេញ)៖ ការដោះស្រាយលើបញ្ហាផ្លូវថ្នល់ បរិស្ថាន អនាម័យ សំរាម ប្រឡាយ លូ លំនៅដ្ឋាន និងសន្តិសុខសណ្តាប់ ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ គឺជាកាតព្វកិច្ច និងភារកិច្ចដ៏ចម្បង របស់អាជ្ញាធរមានសមត្ថិច្ច រាប់ទាំងអាជ្ញាធរថ្នាក់មូលដ្ឋានឡើងទៅ ដែលត្រូវយកចិត្តទុកដាក់បំពេញតួនាទី និងអនុវត្តឲ្យឆ្លើយតប ទៅតាមតម្រូវការនៃបរិយាកាសសង្គម ដែលកំពុងមានការអភិវឌ្ឍន៍។
ជាក់ស្តែងរដ្ឋបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០២០ សំរាប់សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ដើម្បីបង្កើតឡើងនូវវប្បធម៌នៃការពិភាក្សា លើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ព្រមទាំងបានដោះស្រាយ នូវបញ្ហាចំពោះមុខដែលកង្វល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មុននឹងទទួលយកនូវសំណួរ សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ លោក ស៊ុន សិទ្ឋី នាយករដ្ឋបាលខណ្ឌចំការមន បានរាយការសង្ខេបពីលទ្ធផល និងសមិទ្ធផល ដែលរដ្ឋបាលខណ្ឌបានអនុវត្តក្នុងឆ្នាំ២០១៩កន្លងទៅ ក៏ដូចជាប៉ុន្មានខែដើមឆ្នាំ២០២០ ទាំងសកម្មភាពការងារ ការការពារ និងសន្តិសុខនយោបាយ ការបង្រ្កាប ទប់ស្កាត់បទល្មើសនានា ក៏ដូចជាការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
លោកបន្ថែមឲ្យដឹងថា នៅឆ្នាំ២០២០ រដ្ឋបាលខណ្ឌ ក៏មានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដែលត្រូវធ្វើដូចជាការជីកកប់បណ្តាញលូថ្មី ការស្តារប្រព័ន្ឋលូ ការជួសជុលបណ្តាញផ្លូវថ្នល់មួយចំនួន ក្នុងមូលដ្ឋាននិងការងារបំរើការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រប្រួលអាកាសធាតុ និងគ្រោះមហន្តរាយជាដើម។
ក្នុងវេទិកានោះផងដែរ បងប្អូនប្រជាពលរដ្ឋ បានលើកជាសំណូមពរ និងមតិយោបល់ បានចំនួន១៦សំណួរ ក្នុងនោះរួមមានសំនួរផ្ទាល់មាត់៧សំនួរ, សំនួរសរសេរ ចំនួន៩សំនួរ។
លោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌចំការមន បានចាត់ទុកសំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋទាំងអស់ គឺជាកញ្ចក់ សម្រាប់ឆ្លុះបញ្ចាំងពីសកម្មភាព ការងាររបស់រដ្ឋបាលខណ្ឌ ដែលបានអុវត្តកន្លងមក ក៏ដូចបញ្ហាឆកល្វែងមួយចំនួន ត្រូវកែសម្រួល និងបន្តធ្វើសកម្មភាព ឲ្យបានល្អថែមទៀត ដើម្បីឆ្លើយតបនឹងបំរើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ មានសំណើរ និងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយជូនជាបន្ទាន់ និងសំណើរមួយចំនួនទៀត ក៏ត្រូវទុកលទ្ធភាពជូនមន្រ្តីជំនាញ ចុះពិនិត្យនិងសិក្សាឲ្យបានច្បាស់លាស់ ទៅតាមលទ្ធភាពជាក់ស្តែង ដែលរដ្ឋបាលខណ្ឌអាចទៅរួច។
គួរបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌនេះ ធ្វើឡើងក្រោមវត្តមានលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌ ក្រុមការងារចុះជួយសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក នាយក-នាយករងរដ្ឋបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ អធិការរងនគរបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោក-លោកស្រីក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍នគរបាលសង្កាត់ ស្មៀន មេភូមិ ប្រជាពលរដ្ឋសង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ជាច្រើននាក់ទៀត៕