(ភ្នំពេញ)៖ បន្ទាប់ពីមានការខិតខំប្រឹងប្រែង ជំរុញឲ្យមានការប្រើប្រាស់ប្រាក់រៀលកន្លងមក របស់ធនាគារជាតិនៃកម្ពុជា បានធ្វើឲ្យសន្ទុះនៃការប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០១៩ និង៦ខែឆ្នាំ២០២០នេះ កើនឡើងគួរឲ្យកត់សំគាល់។ នេះបើតាមលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ថ្លែងឲ្យដឹងក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក ជា ចាន់តូ បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានបន្តគ្រប់គ្រងចរាចរណ៍សាច់ប្រាក់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីបំពេញសេចក្តីត្រូវការ របស់ប្រជាជនទូទាំងប្រទេស។
លោកបានឲ្យដឹងទៀតថា «ការប្រើប្រាស់ប្រាក់រៀល បានកើនឡើងគួរឱ្យកត់សំគាល់ ក្នុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ ដែលឆ្លុះបញ្ចាំងដោយកំណើនរូបិយវត្ថុ ក្នុងចរាចរណ៍៣៦.៤% និងកំណើនសមាមាត្រឥណទានជារៀល ដល់១៣%នៃឥណទានសរុប»។
លោក ជា ចាន់តូ បានឲ្យដឹងទៀតថា ស្របតាមគោលនយោបាយលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ក្រដាសប្រាក់ចាស់ ទក់ និងរហែកត្រូវបានប្រមូល និងជំនួសមកវិញដោយក្រដាសប្រាក់រៀលថ្មី ដែលមានសោភ័ណភាព និងគុណភាពខ្ពស់។
សូមបញ្ជកថា ធនាគារជាតិនៃកម្ពុជា និងដៃគូរសហការជាច្រើន បានខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា ដោយក្នុងនោះបានសហការជាមួយ ដៃគូរផ្សេងៗដូចជា សហការគ្នារវាងធនាគារឯកទេស អ៊ីអន ខេមបូឌា ភីអិលស៊ី បង្កើតកម្មវិធីមួយគឺ Mobile Wallet ដែលមានឈ្មោះថា AEON Wallet Cambodia ដែលទូទាត់ជាប្រាក់រៀល, ការសហការរវាងកម្ពុជា-ថៃ ក្នុងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code ដើម្បីទូទាត់សាច់ប្រាក់រៀល និងប្រាក់ បាតថៃរវាងប្រទេសទាំង២ជាដើម៕