(កណ្ដាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ តំណាងអភិបាលខេត្តកណ្តាល រួចជាមួយលោក លោកស្រី ប្រធានមន្ទីរ លោកអភិបាលស្រុក មន្ត្រីរាជការឃុំ ស្រុក បាននាំយកទេយ្យវត្ថុ និងទៀនវស្សា ទៅប្រគេនព្រះសង្ឃតាមបណ្តាវត្ត ចំនួន៣៥វត្ត ក្នុងស្រុកល្វាឯម ដែលកំពុងចូលព្រះវស្សា រយៈពេល០៣ខែ តាមពុទ្ធានុញ្ញាត ដែលពិធីនេះបានប្រព្រឹត្តទៅនៅវត្តពោធិ៍មាស ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងឱកាសនោះ ក៏មានការនិមន្ដចូលរួមពីព្រះសុធម្មមុនី ភោគរស់ អនុគណស្រុកល្វាឯម និងជាព្រះចៅអធិការវត្តពោធិ៍មាស។
ថ្លែងក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានលើកឡើងអំពីការផ្សាភ្ជាប់គ្នា ដែលមិនអាចកាត់ផ្តាច់បានរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ តួយ៉ាងនៅក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ជាពិធីបុណ្យចូលព្រះវស្សា ដែលព្រះសង្ឃពុំអាចនិមន្តចេញពីវត្ត និងបិណ្ឌបាត្រ បានដូចធម្មតាឡើយ ដូច្នេះពុទ្ធបរិស័ទ្ធមានកាតព្វកិច្ច ទំនុកបម្រុងចង្ហាន់ និងសម្ភារយកមកប្រគេនព្រះសង្ឃ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
ជាក់ស្តែងនៅថ្ងៃនេះ រដ្ឋបាលខេត្តកណ្តាល បាននាំយកទេយ្យទាន និងទៀនព្រះវស្សា មកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមបណ្តាវត្តទាំង៣៥ ក្នុងស្រុកល្វាឯម។ លោកអភិបាលរងខេត្ត ក៏បានលើកឡើងអំពីសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំយកសន្តិភាពជូនជាតិ និងប្រជាជន បើគ្មានសន្តិភាពទេនោះ យើងក៏ពុំអាចមានការអភិវឌ្ឍរីកចម្រើន និងជួបជុំគ្នានាំយកទេយ្យវត្ថុ មកប្រគេនព្រះសង្ឃបានដែរ។
លោកអភិបាលរង ក៏បានធ្វើការផ្តាំផ្ញើដល់ព្រះសង្ឃ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេស ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ៕