(ក្រចេះ)៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងបាននាំមកយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចែកជូនសមាជិកសមាគមអតីតយុទ្ធជនចំនួន ៣៤គ្រួសារ ក្នុងខេត្តកំពង់ចាម និងបានស្ម័គ្រចិត្តមករស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្រួល ខេត្តក្រចេះ។
ថ្លែងក្នុងពិធីនោះ លោកអភិបាលខេត្ត បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងណែនាំសមាជិកសមាគម ពីការថែទាំសុខភាព ព្រមទាំងត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះជំងឺឆ្លងកូវីដ១៩ ដែលកំពុងរីករាលដាលពេញពិភពលោក។
លោកក៏បានយល់ព្រមជួយដោះស្រាយតាមសំណូមពររបស់ពលរដ្ឋ ដោយជួយតភ្ចាប់ប្រព័ន្ធទឹក-ភ្លើង ជូនទាំង ៣៤ខ្នងផ្ទះ និងសាងសង់បង្គន់អនាម័យបន្ថែម ជូនគ្រួសារមរណៈ ពលី (ជាស្រ្តី) ចំនួន០៩គ្រួសារ ស្មើនឹង០៩ខ្នងផ្ទះ និងសិក្សាលើការសាងសង់ ជួសជុល លើកំណាត់ផ្លូវតភ្ជាប់ (ឆ្លងកាត់ក្នុងភូមិ) ចំនួន០២ខ្សែ មានប្រវែងប្រហែលជាង១០០០ម៉ែត្រផងដែរ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនក្នុងពិធីនោះរួមមាន៖ សមាជិកអតីតយុទ្ធជន ក្នុង០១គ្រួសារទទួលបាន ថវិកា ២០ម៉ឺនរៀល, អង្ករ ៥០គីឡូក្រាម, ទឹកក្រូច ០១កេស, ជែលលាងដៃ ០១ដប, ម៉ាស ១០សន្លឹក, មី០១កេស, ត្រីខ ០១ឡូ, ទឹកត្រី ០១យួរ, ទឹកស៉ីអ៉ីវ ០១យួរ, ស្ករស ០១គីឡូក្រាម, អំបិល ០១គីឡូក្រាម, ខ្នើយ ០១គូ, មុង ០១, ភួយ ០១ និងកន្ទេល ០១ ព្រមទាំងបានឧបត្ថម្ភ ថវិកាជូនលោកមេភូមិ ចំនួន ៥០ម៉ឺនរៀល សម្រាប់ព្យាបាលជំងឺប្រចាំកាយ៕