(សៀមរាប)៖ អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលចោទប្រកាន់ថា នគរបាលស្រុកបានចុះទៅបង្ក្រាបល្បែងស៉ីសងក្នុងមូលដ្ឋាន ហើយបានចាប់មនុស្សជំរិតទារប្រាក់។
លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានអះអាងថា ការចុះបង្ក្រាបល្បែងស៊ីសងកាលពីកន្លងទៅ គឺដើម្បីរក្សាគោលការភូមិឃុំមានសុវត្ថិភាព ប៉ុន្តែវាធ្វើឲ្យរំខាន និងប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមអ្នកញៀនល្បែង ដូច្នេះទើបមានការចោទប្រកាន់ មកលើសមត្ថកិច្ចតែម្ដង។
លោកអធិការ បានគូសបញ្ជាក់ថា ការបង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋានកាលពីកន្លងទៅ គឺសមត្ថកិច្ចត្រឹមតែនាំខ្លួនអ្នកលេងល្បែងទាំងអស់នោះ មកអប់រំ និងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងការទាមទារប្រាក់ពីបុគ្គលណាម្នាក់នោះឡើយ។
យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ បុគ្គលិកដែលបានបង្ហោះព័ត៌មានមិនពិតនេះ ឈ្មោះ អឿម ហួរ ក៏បានសរសេរជាលិខិតបំភ្លឺ និងសុំទោសជាសាធារណៈ អំពីកំហុសឆ្គង ដែលបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ចោទប្រកាន់ខុសពីការពិតមកលើសមត្ថកិច្ចផងដែរ។
លោកវរសេនីយ៍ទោ លឹម សម្បត្តិ បានបង្ហាញអំពីជំហររបស់ខ្លួនថា រាល់សកម្មភាពល្បែងស៊ីសង ការសេពគ្រឿងញៀន សកម្មភាពលួច ឬសកម្មភាពផ្សេងៗ ផ្ទុយនឹងច្បាប់ ដែលកើតមានឡើងក្នុងមូលដ្ឋាន គឺចាំបាច់ត្រូវតែបង្ក្រាប បើទោះបីប៉ះចំខ្សែ ឬខ្នង ឬធ្វើឲ្យរូបលោកធ្លាក់បុណ្យស័ក្តិក៏ដោយ។ លោកថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចុះទៅបង្ក្រាបល្បែងស៊ីសង មានដូចជាអាប៉ោង បៀរ និងឃាត់ខ្លួនបានមនុស្ស១២នាក់៕