(ភ្នំពេញ)៖ តាមការបញ្ជាក់ថា លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា អត្រានៃភាពក្រីក្ររបស់កម្ពុជា បានងើបឡើងវិញ ដោយសារតែឥទ្ធិពលនៃវិបត្តិជំងឺកូវីដ១៩។
ថ្លែងក្នុងសន្និសីទស្តីពីវិធានការទ្រទ្រង់ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា «យើងមិនអាចបដិសេធថា មានកូវីដហើយគ្មានអ្នកក្រកើនឡើងទេ ប៉ុន្តែធ្វើយ៉ាងម៉េចកុំឲ្យគាត់ស្លាប់ដោយអត់បាយ ពិបាកវេទនា ឲ្យគាត់រស់បាន ដើម្បីឱកាសសេដ្ឋកិច្ច និងការងារមកវិញ គាត់ស្ទុះងើបមកវិញបាន»។
លោករដ្ឋលេខាធិការបញ្ជាក់ទៀតថា «តួលេខភាពក្រីក្រត្រូវតែឡើង [...] បើគិតទាំង២.៣លាននាក់ [ទាំងពលរដ្ឋក្បែរក្រីក្រ] នោះ អត្រាភាពក្រីក្រវាឡើងដល់១៤-១៥ភាគរយ»។
អត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា នៅមុនពេលកើនជំងឺកូវីដ១៩ ត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃថា ស្ថិតនៅក្រោមបន្ទាត់១១% ប៉ុន្តែពេលនេះក្នុងជួបវិបត្តិ ជំងឺឆ្លងដ៏កាចសាហាវនេះ អត្រានឹងកើនឡើងវិញ។
ដើម្បីសម្រាលបន្ទុក ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលជួបការលំបាកក្នុងជីវភាពដោយសារជំងឺកូវី១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ១២៥លានដុល្លារ។ ដោយក្នុង១ខែត្រូវចំណាយ២៥លានដុល្លារ។
លោក វង្សី វិស្សុត បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលនឹងបន្តជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះនេះ មិនឲ្យពួកគាត់ជួបបញ្ហាអត់បាយឡើយ។
លោកបន្ថែមថា «យើងចិញ្ចឹមគាត់ទៅទាំងក្រ និងក្បែរក្រនេះឲ្យតែជួបការលំបាក ហើយមិនមែនចិញ្ចឹមឲ្យគាត់រស់ទាំងស្រុងទេ គ្រាន់តែជួយទេ គាត់ត្រូវតែប្រឹងខ្លួនឯងដែរ»។
ឆ្លើយតបនឹងសំណួរថា តើកូវីដ១៩ ធ្វើឲ្យផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សមា្នក់ៗរបស់កម្ពុជាធ្លាក់ចុះពីកម្រិតជិត ១៧០០ដុល្លារក្នុង១ឆ្នាំដែរ ឬទេ? លោក វង្សី វិស្សុត បានបញ្ជាក់ថា នៅឆ្នាំ២០២០នេះ បើសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្នុងអត្រា-១.៩% ហើយចំនួនប្រជាជនកម្ពុជាកើនឡើងទៀតនោះ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សមា្នក់ៗនឹងធ្លាក់ ប៉ុន្តែបើចំនួនប្រជាជនគ្មានកំណើនទេ ហើយសេដ្ឋកិច្ចធ្លាប់តែ-១.៩% នោះផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សមា្នក់ៗនៅដដែល៕