(ប៉ៃលិន)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Aspire) បានផ្តល់សំភារៈ និងពូជមាន់ដល់បណ្តុំអាជីវកម្ម កសិកម្មចិញ្ជឹមមាន់ស្រែទូទាំងខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល បានលើកឡើងថា ខេត្តប៉ៃលិនមានសក្តាកនុពលលើវិស័យទេសចរណ៍ ដោយមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ហើយសេចក្តីត្រូវការផ្នែកម្ហូបអាហារ មានការកើនឡើង ប៉ុន្តែពេលខ្លះយើងមិនអាចបំពេញតម្រូវបាន ដូច្នេះសូមបងប្អូនប្រជាកសិករយើងទាំងអស់ ត្រូវខិតខំប្រឹងប្រែង ដាំដុះបន្លែបង្ការ និងចិញ្ចឹមមាន់ស្រែឱ្យបានច្រើន តាមវិធីសាស្រ្ត និងបច្ចេកទេស របស់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទដែលចង្អុលបង្ហាញ។
អភិបាលខេត្ត បានជំរុញដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ត្រូវចុះណែនាំ និងផ្តល់បច្ចេកទេសដល់ប្រជាកសិករ ជាពិសេសការចិញ្ចឹមមាន់ស្រែនេះ ដើម្បីបំពេញតម្រូវការ ទីផ្សារក្នុងខេត្ត ក្នុងន័យលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែធូធាជាងមុន ដែលជាការចូលរួមការ់បន្ថយការចំណាក់ស្រុកទាំងប្រថុយប្រថាននៅក្រៅប្រទេស ក្នុងការជម្រុញកំណើនសេដ្ឋជាតិ ខណៈកំពុងរងផលប៉ះពាល់ ដោយជំងឺកូវីត-១៩។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានកោតសសើរដល់មន្ទីរកសិកម្ម និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Aspire) ដែលបានបណ្តុះបណ្តាល បច្ចេកទេស និងផ្តល់ពូជមាន់ស្រែ ព្រមទាំងម៉ាស៊ុនភ្ញាស់កូនមាន់ ដល់ប្រជាកសិករក្នុងខេត្ត ដើម្បីបង្កើនអាជីព និងមុខរបរ ព្រមទាំងបង្កើតការងារ អោយពួកគាត់មានជីវភាពកាន់តែល្អប្រសើឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរបានឱ្យដឹងថា សំភារៈ និងពូជមាន់ ដែលផ្តល់ជូនដល់បណ្តុំអាជីវកម្ម កសិកម្មចិញ្ជឹមមាន់ស្រែ នាំពេលនេះ គឺមានចំនួន ១៧បណ្តុំ អាជីវកម្ម មាន់ស្រែ ដោយមានមេមាន់ពូជមានសរុប ១១៤០ក្បាល បាមាន់ពូជមានចំនួន ១៦០ក្បាល និងទូរភ្ញាស់ពងមាន់ ចំនួន ២៤ទូរ៕