(សៀមរាប)៖ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងលើសេចក្តីព្រាងស្តីពី ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ដែលបានធ្វើឡើងនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Regency Angkor ខេត្តសៀមរាប បានឯកភាពលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងខាងលើ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ទៀ សីហា អភិបាលខេត្តសៀមរាបនិងថ្នាក់ដឹកនាំរបស់ស្ថាប័នពាក់ពាន់មួយចំនួន។
លទ្ធផលទាំង៥ចំណុចនេះ រួមមាន៖
* ចំណុចទី១៖
អង្គប្រជុំឯកភាពនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបជា «គោលដៅទេសចរណ៍ប្រកប ដោយគុណភាព»។ ក្នុងន័យនេះ ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ខណៈបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។ ផែនការមេនេះបានសិក្សា និងកំណត់នូវយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីបង្កើនភាពទាក់ទាញនៃតំបន់សៀមរាបទាំងមូល ក្រោមទស្សនទាន «សៀមរាប៖ លើសពីការទស្សនាប្រាសាទ» ដោយផ្សារភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែប។
* ចំណុចទី២៖
អង្គប្រជុំឯកភាពថា ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះនឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ដែលជាផ្នែកមួយសំខាន់នៃចក្ខុវិស័យកម្ពុជា ដែលនឹងត្រូវសម្រេចឲ្យបាននូវបំណងប្រាថ្នារួមរបស់រាជរដ្ឋាភិបាលកម្ពុជា៖
ទី១៖ សៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត។
ទី២៖ ធានាឲ្យបានផលប្រយោជន៍សេដ្ឋកិច្ចសង្គមជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្រ្តអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិគូលេន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។
ទី៣៖ ខេត្តសៀមរាបត្រូវតែធ្វើការផ្លាស់ប្តូរពីគោលដៅទេសចរណ៍ទ្រង់ទ្រាយធំទៅជាគោលដៅទេសចរណ៍មានគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានម្តងហើយម្តងទៀត និងភ្ញៀវទេសចរកម្រិតខ្ពស់អាចបង្កើនចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន។
* ចំណុចទី៣៖
អង្គប្រជុំឯកភាពថា ការកំណត់ផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្តែងក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ត្រូវតែឈរលើបង្គោលចរ ៤ គឺ៖ គោលដៅយុទ្ធសាស្រ្តចំនួន ៧ យុទ្ធសាស្រ្តចំនួន ៤៦ គម្រោងចំនួន ៧២ និងសកម្មភាពអនុវត្តចំនួន ៩៤ ក្នុងនោះគម្រោងវិនិយោគធំៗមានសរុបចំនួន ២០ គម្រោង។
* ចំណុចទី៤៖
អង្គប្រជុំឯកភាពថា ជម្រើសនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្នសម្រាប់ខេត្តសៀមរាប ក្នុងនោះឆ្ពោះទៅឆ្នាំ២០៣៥ ត្រូវផ្តោតលើអ័ក្សជាយុទ្ធសាស្រ្តចំនួន ៥ ដូចខាងក្រោម៖
១. អ័ក្សយុទ្ធសាស្រ្តទី១៖ គោលនយោបាយសំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច-សង្គមកើតចេញពីសកម្មភាពទេសចរណ៍៖ ផ្តល់កម្លាំងជំរុញថ្មីដល់ការអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប ដោយគោរព និងលើកកម្ពស់បរិស្ថានស្អាត និងភាពសម្បូរបែបនៃទេសចរណ៍ ដោយត្រូវបង្កើតផលិតផល និងសកម្មភាពទេសចរណ៍ថ្មីៗនៅទូទាំងខេត្តសៀមរាប។ អ័ក្សយុទ្ធសាស្រ្តដំបូងនេះ ផ្អែកលើការបង្កើតតំបន់អភិវឌ្ឍន៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តសៀមរាបដាក់ចេញគោលនយោបាយសំដៅទាញយកឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលនៃវិស័យទេសចរណ៍លើការអភិវឌ្ឍខេត្តសៀមរាប អមជាមួយនឹងសំណើថ្មីៗទាក់ទងនឹងការរៀបចំផែនការថ្មីៗ ដោយត្រូវគិតគូរបន្ថែមពីហានិភ័យនៃបម្រែបម្រួលអាកាសធាតុ។
២. អ័ក្សយុទ្ធសាស្រ្តទី២៖ ផ្អែកលើការបង្កើតរបៀងទេសចរណ៍ថ្មីៗប្រកបដោយគុណភាព ភាពទាក់ទាញសម្រាប់ខេត្តសៀមរាបទាំងមូល រួមទាំងការបង្កើត និងអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពសំខាន់ៗក្នុងខេត្តសៀមរាប។
៣. អ័ក្សយុទ្ធសាស្រ្តទី៣៖ ដាក់ចេញគោលនយោបាយសំដៅផ្តល់អត្តសញ្ញាណថ្មីដល់ខេត្តសៀមរាប (វប្បធម៌រួមបញ្ចូលជាមួយធម្មជាតិ) កុំឲ្យគោលដៅដំណើរទស្សនាតែមួយទៅកាន់រមណីយដ្ឋានវប្បធម៌តែមួយមុខ ប៉ុន្តែអាចលើកស្ទួយធនធានទេសចរណ៍ផ្សេងទៀតពិសេសធម្មជាតិ។ អ័ក្សយុទ្ធសាស្រ្តទី៣នេះ គឺការដាក់ចេញផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍ថ្មីៗ សម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប និងការសម្រួលការតភ្ជាប់តាមផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាសមកខេត្តសៀមរាប។
៤. អ័ក្សយុទ្ធសាស្រ្តទី៤៖ ការពង្រឹងគុណភាពទេសចរណ៍អមជាមួយការពង្រឹងអនាម័យបរិស្ថានស្អាត ទីក្រុងស្អាត និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប។ អក្ស័យុទ្ធសាស្រ្តទី៤នេះ បានគិតគូរក្នុងការពង្រឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌអង្គរ ពិសេសការដាក់ចេញយន្តការគ្រប់គ្រងលំហូរភ្ញៀវទេសចរទៅកាន់រមណីយដ្ឋានវប្បធម៌ឱ្យកាន់តែប្រសើរឡើង សំដៅជំរុញឱ្យមានការចូលទស្សនាកាន់តែប្រសើរទាំងបរិមាណ និងគុណភាព។ ដោយផ្អែកលើការកំណត់យុទ្ធសាស្រ្តកំណត់តម្លៃសំបុត្រចូលអង្គរ និងក៏ដូចជាការពង្រឹងគុណភាពក្នុងឧស្សាហកម្មទេសចណ៍ និងការពង្រឹងអនាម័យ ភាពស្អាត និងបៃតង ប្រកបដោយបរិស្ថានល្អ ទីក្រុងស្អាតក្នុងខេត្តសៀមរាប។ ទន្ទឹមនឹងនោះ អ័ក្សយុទ្ធសាស្រ្តទី៤នេះក៏បាន ដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបផងដែរ។
៥. អ័ក្សយុទ្ធសាស្រ្តទី៥៖ ដាក់ចេញយន្តការអភិបាលកិច្ច និងយន្តការស្ថាប័នគាំទ្រអមជាមួយយុទ្ធសសាស្រ្តវិនិយោគ (សាធារណៈ និងឯកជន) ដើម្បីទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ និងអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៃខេត្តសៀមរាប។ អ័ក្សយុទ្ធសាស្រ្តទី៥នេះ ផ្អែកលើការបង្កើតយន្តការសម្របសម្រួល (កម្រិតខ្ពស់) អន្តរស្ថាប័ន និងការបង្កើតឲ្យមានយន្តការ DMO’s នៅតាមតំបន់ទេសចរណ៍អាទិភាពទាំង ៦។
* ចំណុចទី៥៖
ឯកសារផែនការមេនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវមួយដ៏សំខាន់ក្នុងការឈានទៅដល់សុខដុមនីយកម្មរវាងការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប។ ឯកសារនេះនឹងចូលរួមដល់វិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺឆ្លង Covid-19។
សូមជម្រាបថា អង្គប្រជុំឯកភាពលើសេចក្តីព្រាងផែនការមេនេះដែលមាន ១០ ជំពូក ព្រមទាំងឧបសម្ព័ន្ធផងដែរ៖
ជំពូកទី១. គោលដៅអភិវឌ្ឍន៍៖ សេណារីយ៉ូអភិវឌ្ឍន៍ និងគោលដៅនិរន្តរភាពទេសចរណ៍សម្រាប់ខេត្តសៀមរាប
ជំពូកទី២. យុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពក្នុងខេត្តសៀមរាប
ជំពូកទី៣. យុទ្ធសាស្ត្រវិនិយោគទេសចរណ៍ និងការអភិវឌ្ឍរបៀងទេសចរណ៍ថ្មីៗ
ជំពូកទី៤. យុទ្ធសាស្រ្តសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)
ជំពូកទី៥. យុទ្ធសាស្រ្តពង្រឹងគុណភាពទេសចរណ៍ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប (២០២០-២០៣៥)
ជំពូកទី៦. យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ជំពូកទី៧. យុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ខេត្តសៀមរាប
ជំពូកទី៨. អភិបាលកិច្ចទេសចរណ៍សម្រាប់ខេត្តសៀមរាប
ជំពូកទី៩. ផែនការសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប
ជំពូកទី១០. គម្រោងអភិវឌ្ឍន៍គំរូ៕