(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ លោក ហ៊ុន គឹមជាតិ ដែលជាក្មួយប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី ដាណា អ៊ន បានឧបត្ថម្ភសម្ភារប្រើប្រាស់ក្នុងចង្រ្កាន្តបាយ សម្រាប់ជនមានពិការភាពភ្នែកចំនួន ២០០ ចានឈុត ដែលប្រើសម្រាប់ដាក់បាយម្ហូប ដល់មជ្ឈមណ្ឌលស្នាក់នៅ និងបង្រៀនជំនាញរបស់សមាគមតន្រ្តីសំនៀងជនពិការ។
មូលហេតុនៃការឧបត្ថម្ភនេះ ដោយសារលោក និងភរិយាបានមើលឃើញពីការលំបាកក្នុងការទទួលទានអាហារ ព្រោះភាពងងឹតមើលមិនឃើញ របស់ជនមានពិការភាព។
លោក ហ៊ុន គឹមជាតិ និងលោកស្រី បានកម្មង់ចានឈុតបាយម្ហូបនេះ ដល់ជនមានពិការភាពភ្នែក ដើម្បីងាយស្រួលពេលទទួលទាន គឺប្រើចានតែមួយអាចដាក់បាយម្ហូបបានគ្រប់មុខ ហើយងាយស្រួលចំណាំដៃ។
កន្លងមកលោក ហ៊ុន គឹមជាតិ និងលោកស្រី ក៏បានជួយឧបត្ថម្ភនូវកុំព្យូទ័រចំនួន ១៥គ្រឿងផងដែរ ដល់ជនពិការភ្នែកដើម្បីធ្វើការ និងរៀននៅក្នុងមជ្ឈមណ្ឌលទៀតផង។
លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ ប្រធានក្រុមការងារពិការភាពក្រសួងកិច្ចការនារី និងជាអាណាព្យាបាលជនពិការភ្នែកជាង ៤០០នាក់ បានថ្លែងអំណរគុណ និងចាត់ទុកថាជំនួយឧបត្ថម្ភនេះ គឺជាការចូលរួមយ៉ាងសកម្មក្នុងវិស័យពិការភាព។
លោកស្រីថា នេះជាការជួយឧបត្ថម្ភចំគោលដៅ ដោយបានគិតគូរពីតម្រូវការរស់នៅជាក់ស្តែងរបស់ជនមានពិការភាពភ្នែក។
សូមបញ្ជាក់ថា ក្រុមគ្រួសារ និងកូនក្មួយសម្តេចទាំងទ្វេតែងចែករំលែកពេលវេលា និងធនធាន ដើម្បីចុះសួរសុខទុក្ខ និងជួយការងារសង្គមច្រើន មិនថាជនក្រីក្រឬក៏ជនពិការ។
ចំពោះមជ្ឈមណ្ឌលស្នាក់នៅ និងបង្រៀនជំនាញ របស់សមាគមតន្ត្រីសំនៀងជនពិការ ជាព្រះរាជអំណោយ និងអំណោយដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ ជាទីគោរពសក្ការៈ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា៕