(តាកែវ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា សន្តិភាពមានតម្លៃកាត់ថ្លៃមិនបាន សន្តិភាព គឺជាលក្ខខណ្ឌចាំបាច់បំផុតក្នុងការកសាង ការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានសន្តិភាព ក៏គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស និងសេរីភាពជំនឿសាសនា ជាដើម។
ការលើកឡើងបែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានបានដឹកនាំនាយទាហានក្រោមឱវាទនាំយកទៀនព្រះវស្សាចំនួន ១៤គូ រួមនិងទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ ទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៧ ក្នុងក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងយ៉ាងដូច្នថា៖ «សន្តិភាពមានតម្លៃកាត់ថ្លៃមិនបាន ហើយសន្តិភាព គឺជាលក្ខខណ្ឌចាំបាច់បំផុត ក្នុងការកសាង និងការអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានសន្តិភាព ក៏គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែរ ហើយពុកម៉ែបងប្អូន ក៏មិនបានធ្វើបុណ្យធ្វើទានដូចពេលនេះដែរ»។
ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ និងព្រះសង្ឃ នាពេលនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកសរសើរចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលរហូតមកបានសហការគ្នាយ៉ាងល្អជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃ ក្នុងការកសាងភូមិ ឃុំរបស់ខ្លួនរហូតមានការរីកចម្រើន។ ភាពរីកចម្រើនទាំងនេះ គឺបានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរស់នៅជួបជុំក្រុមគ្រួសារ និងធ្វើឱ្យប្រទេសមានការអភិវឌ្ឍជឿនលឿន ដូចបច្ចុប្បន្ននេះ គឺដោយសារនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា បច្ចុប្បន្ននេះកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ប្រឈមនឹងបញ្ហាដ៏ខ្លាំងក្លាបំផុតនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់គ្រប់វិស័យ និងជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់លើការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងទទួលបានការកោតសរសើរពីប្រទេសមួយចំនួន និងអង្គការសុខភាពពិភពលោកទៀតផង។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងកងទ័ពដែលមានទីតាំងនៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តធ្វើអនាម័យក្នុងអង្គភាព និងភូមិ ឃុំរបស់ខ្លួនជាប្រចាំដោយប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបចុកស្អាត ត្រូវលាងដៃជាមួយសាប៊ូ អាលកុល ឬជែល និងត្រូវពាក់ម៉ាសឱ្យបានជាប់ជាប្រចាំ។ ជាងនេះទៅទៀត ពេលមានការជួបជុំអ្វីមួយ ក៏ត្រូវមានគម្លាតពីគ្នា ពី ១ម៉ែត្រកន្លះ ទៅ២ម៉ែត្រ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់បន្ថែមថា វិធានការនៃការធ្វើអនាម័យ ដើម្បីការការពារនេះ វាមិនគ្រាន់តែការពារសម្រាប់ជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ តែវាក៏អាចការពាររាងកាយយើងគ្រប់គ្នា ពីជំងឺដង្កាត់ផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាពផងដែរ៕