(កំពត)៖ រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដោយទទួលបានការសម្របសម្រួលការងារពីរដ្ឋបាលខេត្តកំពត លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារ ជូនដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តកំពត ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។
ឆ្លៀតក្នុងឱកាសនោះលោក កៅ ថាច បានជម្រាបជូនដល់បងប្អូនប្រជាកសិករដែលដាំដុះបន្លែ ចិញ្ចឹមសត្វ ធ្វើវារីវប្បកម្ម នៅក្នុងពិធីផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទានពិសេសក្រោមគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីចំនួនជាង៣៥០ពាក្យក្នុងទំហំទឹកប្រាក់ដែលត្រូវស្នើសុំសរុបចំនួន ជាង៣៧លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិកនេះ ។
លោកបន្តស្នើសុំ និងលើកទឹកចិត្តដល់បងប្អូន រួសរាន់រៀបចំឯកសារស្នើសុំខ្ចីឥណទានក្នុងកម្មវិធីទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងករណីបងប្អូនមានត្រូវការពង្រីកអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនេះ លោកអគ្គនាយកបានស្នើសុំអោយអាជ្ញាធរ មូលដ្ឋាន ជួយបន្តផ្សព្វផ្សាយកម្មវិធីហិរញ្ញប្បទានពិសេសនេះ អោយបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋបានជ្រាបដើម្បីអោយបងប្អូនមានឱកាសអាចទទួលបានឥណទានពីក្នុងកម្មវិធីពិសេសនេះផងដែរ។
ជាមួយគ្នានេះ លោក កៅ ថាច បានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗមួយចំនួនអំពីការដាំដុះ ការប្រមូលផល ការចញ្ចឹមត្រី និងព័ត៍មានទីផ្សារជូនដល់បងប្អូនដើម្បីជាចំនេះដឹងថ្មី និងទុកសម្រាប់ជាមូលដ្ឋានសម្រាប់ធ្វើការពិចារណាក្នុងការពង្រីកអាជីវកម្មរបស់បងប្អូន។ ភ្ជាប់ជាមួយនេះ លោកកៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចិញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
លោកក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត ដែលបានជួយសម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនូវគោលការណ៍ឥណទានដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូននាឱកាសនេះ៕