(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយនូវរបាយការណ៍សង្ខេបលទ្ធផលការងាររបស់ខ្លួន ប្រចាំឆមាសទី១ និងដាក់ទិសដៅសម្រាប់ការងារឆមាសទី២ ឆ្នាំ២០២០នេះ។
សេចក្ដីសង្ខេបពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោកកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺកូវីដ១៩ ហើយ សេដ្ឋកិច្ចកម្ពុជាក៏បានទទួលឥទ្ធិពលអវិជ្ជមាននេះផងដែរ ជាពិសេសវិស័យទេសចរណ៍ កម្មន្តសាល និងសំណង់។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការប្រកបដោយ ប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអនុវត្តវិធាន ការគាំទ្រជាបន្តបន្ទាប់ ចំពោះវិស័យដែលប៉ះពាល់ និងប្រជាពលរដ្ឋងាយរងគ្រោះ ដែលបានកាត់បន្ថយ ផលប៉ះពាល់, រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។
ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម និងវិធានការក្នុងវិស័យធនាគារ សំដៅបង្កើនសាច់ប្រាក់ក្នុងវិស័យធនាគារ សម្រាប់ឆ្លើយតបនឹងសេចក្ដី ត្រូវការហិរញ្ញប្បទាន គាំទ្រសកម្មភាពសេដ្ឋកិច្ចនានា និងលើកទឹកចិត្តឱ្យមានការរៀបចំឥណទានឡើងវិញ សម្រាប់រក្សានិរន្តរភាពនៃអាជីវកម្ម និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលទទួលរង ផលប៉ះពាល់៕
សូមអានរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖