(ភ្នំពេញ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា លោក ប៉ាន សូរស័ក្តិ និងលោកស្រី ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានជួបអាហារថ្ងៃត្រង់ និងពិភាក្សាគ្នាពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាឱ្យបានខ្លាំងក្លាថែមទៀត។ ក្នុងជំនួបនោះ លោក ប៉ាន ស័រស័ក្តិ និងលោកស្រី ម៉ានីកា ជេន បានពិភាក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាផងដែរ។
ក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោកស្រីឯកអគ្គរដ្ឋទូត បានកត់សម្គាល់ពីកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយបានឯកភាពគ្នាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយចាប់ផ្ដើមពីការបង្កើតក្រុមការងាររួមពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ឥណ្ឌា។
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ និងលោកស្រី ម៉ានីកា ជេន បានផ្តួចផ្តើមកិច្ចពិភាក្សាគ្នាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ឥណ្ឌា។ ភាគីទាំងពីរមើលឃើញថា ការឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងជួយបង្កើនទំហំពាណិជ្ជកម្ម និងផលប្រយោជន៍រវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះដែរលោក ប៉ាន សូរស័ក្តិ បានស្នើសុំភាគីឥណ្ឌា ជួយផ្ដល់ប្រឹក្សាយោបល់លើការគ្រប់គ្រងគុណភាពអាហារហាឡាល (Halal) ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងភ្ងៀវអន្ដរជាតិឥស្លាមនៅប្រទេសកម្ពុជា៕