(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) ក្រុមហ៊ុនសែលកាត បានប្រកាសនូវការចាប់ផ្តើមជ្រើសរើសកីឡាករ សម្រាប់ចូលរួមនៅក្នុងកម្មវិធីប្រកួត Wild Card ដើម្បីសម្រាំងយកអ្នកឈ្នះ ទៅចូលរួមបន្តនៅក្នុងព្រឹត្តិការណ៍ប្រកួត Rules of Survival ដ៏ធំនាពេលខាងមុខនេះ។
កីឡាករទាំងអស់ អាចចាប់ផ្តើមបង្កើតក្រុម និងចុះឈ្មោះ ដើម្បីចូលរួមការប្រកួតដណ្តើមពានរង្វាន់ Wild Card ជាមួយនឹងកម្មវិធី Playgame របស់សែលកាត ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
ក្រុមនាំមុខគេទាំង១០ នៅក្នុងកម្មវិធីប្រកួត Wild Card នឹងអាចបន្តចូលរួមព្រឹត្តិការណ៍ប្រកួត The Rules of Survival KH Cup Season 3 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែសីហា។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន (Ian Watson) បានឲ្យដឹងថា ជាមួយនឹងប្រាក់រង្វាន់សរុប រហូតដល់ទៅ៥០លានរៀល ការប្រកួតតាមប្រព័ន្ធ អនឡាញនេះ មុខជានឹងអាចទាក់ទាញកីឡាករ រាប់រយនាក់ពីទូទាំងប្រទេសកម្ពុជា មកចូលរួមប្រកួតប្រជែង យ៉ាងជក់ចិត្តជាក់ជាមិនខាន។
លោក វ៉ាតសុន បានបន្តថា ការប្រកួតនេះ អាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយមានការសហការគ្នា យ៉ាងជិតស្និទ្ធរវាង ក្រុមហ៊ុនសែលកាត សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និង NetEase ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមខ្នាតយក្ស របស់ប្រទេសចិន។
លោកថា «មកទល់ពេលនេះ យើងបានធ្វើការរួមគ្នាជាមួយ EFC និង NetEase អស់រយៈពេលជិតពីរឆ្នាំមកហើយ ដើម្បីបង្កើតសហគមន៍កីឡាករក្នុងស្រុក និងដើម្បីជួយគាំទ្រដល់កីឡាករខ្មែរ ឲ្យមានឱកាសអាចចូលរួម នៅក្នុងកម្មវិធីប្រកួតលំដាប់ថ្នាក់អន្តរជាតិបាន»។
លោក អៀន វ៉ាតសុន បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ នៅទូទាំងពិភពលោក កីឡាអេឡិចត្រូនិច បានក្លាយជាឧស្សាហកម្ម តម្លៃរាប់ពាន់លានដុល្លារ ដែលកំពុងរីកលូតលាស់ យ៉ាងឆាប់រហ័សបំផុត។
ក្រុមហ៊ុនសែលកាត បានប៉ាន់ប្រមាណឃើញថា សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានអ្នកនិយមលេងហ្គេមប្រមាណជាង២លាននាក់ ខណៈដែលទីផ្សារជិតខាងដូចជា ប្រទេសថៃមានចំនួន១៥លាននាក់ និងម៉ាឡេស៊ី មានចំនួន១៤លាននាក់។
សែលកាត ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានរៀបចំកម្មវិធីប្រកួតធំៗ ចំនួន៥ នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩ ដោយក្នុងនោះ បានទាក់ទាញក្រុមកីឡាករជាង១០០០ក្រុម មកចូលរួម៕