(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលាសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់បណ្ណសមធម៌ គ្រឿងឧបភោគបរិភោគ រួមទាំងថវិកាដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន៤៣គ្រួសារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមអធិបតីលោក សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ លោក ហែម អាន ប្រធាន ក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ម៉ី ចិត្រា ប្រធានក្រុមការងារចុះជួយ មូលដ្ឋានសង្កាត់ផ្សារថ្មីទី២។
ស្របនឹងកិច្ចសួរសុខទុក្ខ និងសំណេះសំណាលនេះដែរ ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ២៥គីឡូក្រាម, មីជាតិចំនួន ០១កេស, សាប៊ូលាងដៃចំនួន ០៤ដុំតូច, ទឹកត្រី ០១យួរ និង ថ្នាំដុះធ្មេញចំនួន ០១ឡូ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ឆ្លៀតក្នុងឱកាសនេះដែរ គណៈអធិបតី ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋ ផងដែរ៕