(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យលោកស្រី លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស (Liurka Rogriguez Barrios) ឯកអគ្គរដ្ឋទូតគូបាប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២០។
លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណរដ្ឋាភិបាលគូបា តាមរយៈនៃជំនួបនេះថា កម្ពុជាមិនអាចបំភ្លេចបានទេនូវចំណងការទូតរវាងប្រទេសទាំងពីរដែលមានរយៈពេល ៦០ឆ្នាំមកនេះ ដោយបានចាប់ផ្តើមឡើងតាំងពីព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦០។ ជាពិសេសទៅទៀត នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលកម្ពុជាទើបតែបានរួចផុតពីរបបប្រល័យពូជាសាសន៍ ប៉ុល ពត រដ្ឋាភិបាលគុយបា ក៏បានបញ្ជូនមន្ត្រីការទូតមកកាន់កម្ពុជានាថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៩។
លោកស្រីកិត្តិសង្គហបណ្ឌិត បានបន្តថា «នៅពេលដែលកម្ពុជាត្រូវបានប្រទេសលោកខាងលិច និងបណ្តាប្រទេសមួយចំនួន បានហ៊ុព័ទ្ធសេដ្ឋកិច្ចកម្ពុជា ប្រទេសគុយបា បានជួយដល់កម្ពុជាលើវិស័យ មួយចំនួនដូចជា សុខាភិបាល វប្បធម៌ អប់រំនិងកីឡាជាដើម»។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ម៉ែន សំអន បានចាត់ទុកប្រជាជនគុយបា និងរដ្ឋាភិបាលគុយបា ជាមិត្តដ៏ល្អដែលបានជួយស្តារប្រទេសកម្ពុជាមកដល់បច្ចុប្បន្ន។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូតគុយបា បានរំលឹកថា គុយបាក៏ជាប្រទេសធ្លាប់ទទួលរងការហ៊ំព័ទ្ធសេដ្ឋកិច្ចដូចកម្ពុជាដែរ តែយើងខិតងើបផុតពីកត្តាទាំងអស់នេះបានដោយជោគជ័យ។ បើទោះជាយ៉ាងណាក៏ដោយ លោកស្រីឯកអគ្គរដ្ឋទូត បានយល់ឃើញថា កម្ពុជាខុសពីគុយបា ព្រោះកម្ពុជា ជាប្រទេសដែលងើបចេញចំណុចសូន្យ ហើយបានដឹកនាំទេសចេញពីបាតដៃទទេ រហូតដល់មានការរីកចំរើនដែលនឹកស្មានមិនដល់នាពេលបច្ចុប្បន្ន។ ពិសេសជាងនេះទៅទៀតនោះ ក្នុងគ្រាដែលពិភពលោកកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងីកូវីដ-១៩ កម្ពុជាមិនមានអ្នកកើត មិនមានការរីករាលដាលច្រើន និងមិនមានអ្នកស្លាប់ រីឯជំងឺដែលកើតឡើងគឺជាការហូរចូលពីប្រទេសក្រៅតែប៉ុណ្ណោះ។
លោកស្រី ម៉ែន សំអន បានអរគុណចំពោះចំណាប់អារម្មណ៍របស់លោកស្រីឯកអគ្គរដ្ឋទូត និងបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងទប់ស្កាត់ការចម្លងនៃជម្ងឺកូវីដ-១៩ និងបានដាក់ចេញនូវផែនទ្រទ្រង់ជីវភាពរបស់ប្រជាជនខ្វះខាតដោយរងផលប៉ះពាល់ដោយសារកូវីដ-១៩ តាមរយៈនៃការចុះធ្វើ អត្តសញ្ញាណ្ណកម្មក្រីក្រដោយគណៈកម្មការវាយតំលៃ តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន និងផ្តល់ជូនបណ្ណសមធម៌ ដើម្បីទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល រហូតដល់ចប់កូវីដ។ រីឯកម្មករ ក៏ទទួលថវិការឧបត្ថម្ភពីរារដ្ឋាភិបាល រួមជាមួយនិយោជកផងដែរ។
ចុងបញ្ចប់លោកស្រីកិត្តសង្គហបណ្ឌិត ម៉ែន សំអន បានជូនពរឲ្យដំណើរបេសកកម្មការទូតរបស់លោកស្រី លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស (Liurka Rogriguez Barrios) ទទួលបានជោគជ័យ នឹងពង្រឹងបាននូវកិច្ចសហប្រតិបត្តិថ្មីបន្ថែមទៀត តាមរយៈនេះដែរ សុំឲ្យខាងគុយបាចូលរួមលើកកំពស់ដល់នារីកម្ពុជា ហើយប្រសិនបើមានឱកាស លោកស្រីឧបនាយករដ្ឋមន្ត្រី សូមអញ្ជើញលោកស្រីអគ្គរដ្ឋទូតទៅធ្វើទស្សនកិច្ចនៅតាមសហគមន៍នាខេត្តមួយចំនួនផងដែរ៕