(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ មានជើងយន្តហោះពាណិជ្ជកម្ម លេខ AK538 របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានដឹកអ្នកដំណើរសរុប៩០នាក់ ពីប្រទេសម៉ាឡេស៉ី មកកាន់រាជធានីភ្នំពេញ ដែលក្នុងនោះមានពលរដ្ឋខ្មែរចំនួន៨៦នាក់ និងជនបរទេស ចំនួន៤នាក់។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក កុយ គួង បានឲ្យដឹងទៀតថា «នេះគឺជាជើងហោះហើពាណិជ្ជកម្មធម្មតា លើកទី១ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ចាប់តាំងការបិទជើងហោះហើររបស់ខ្លួនក្នុងខែមីនា ឆ្នាំ២០២០មក ដោយមានមានការជួយសម្របសម្រួលបន្ថែមពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី»។
បើតាមមន្ត្រីជាន់ខ្ពស់ការបរទេសរូបនេះ បានឲ្យដឹងបន្ថែមថា ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋពលករ ពលការិនី សិស្ស និស្សិតកម្ពុជា បានវិលត្រឡប់មកវិញជាបន្តបន្ទាប់ តាមរយៈជើងយន្តហោះពាណិជ្ជកម្មធម្មតា និងជើងយន្តហោះពាណិជ្ជកម្មពិសេស ក្រោមកិច្ចសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡាស៉ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី និងក្រុមហ៊ុនអាកាសចរណ៍ AirAsia បានចំនួន៤លើក ដែលមានពលរដ្ឋខ្មែរសរុបចំនួន ៥១៧នាក់ (រួមទាំងអ្នកដំណើរឆ្លងកាត់ជនជាតិខ្មែរផងដែរ)។
បច្ចុប្បន្ន ស្ថានទូតកំពុងបន្តជួយសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ដែលធ្វើប្រតិបត្តិការហោះហើររវាងកម្ពុជា-ម៉ាឡេស៉ី អាចចាប់ផ្តើមបើកដំណើរការជើងហោះហើររបស់ខ្លួន ជាប្រក្រតីឡើងវិញបានឆាប់។
លោក កុយ គួង ក៏បានបញ្ជាក់ថា ប្រទេសម៉ាឡេស៉ី នៅបន្តបិទព្រំដែនរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ហើយកំពុងចរចាជាមួយប្រទេសជិតខាងរបស់ខ្លួន ដើម្បីបើកព្រំដែនឡើងវិញ សំដៅសម្រួលដល់សកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និងការធ្វើដំណើប្រកបការងាររបស់ប្រជាពលរដ្ឋជាប់ព្រំដែននឹងគ្នា។
គួររំលឹកថា គិតចាប់ពីផ្ទុះជំងឺកូវីដ១៩ មានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា ទើបតែបាន៤លើកប៉ុណ្ណោះរួមមាន៖
* លើកទី១៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន២០៤នាក់។
* លើកទី២៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១៥៨នាក់។
* លើកទី៣៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១២២នាក់។
* លើកទី៤៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរចំនួន៨៦នាក់៕