(កោះកុង)៖ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ កម្លាំងឧទ្យានអនុរក្ស និងអង្គការដៃគូរព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានបង្ក្រាប និងរឹបអូសរណាយន្តសរុប ២,៣៦៩គ្រឿង ក្នុងបទល្មើសព្រៃឈើ ខណៈការដោះអន្ទាក់ចាប់សត្វព្រៃនៅតំបន់ការពារធម្មជាតិក្នុងរយៈពេលដូចគ្នានេះ មានសរុបចំនួន ២០,១៧៩អន្ទាក់ បូករួមទាំងបានដកហូតកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃរាប់រយដើមផងដែរ។
ការបញ្ជាក់បែបនេះរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសចុះបំពេញទស្សនកិច្ចស្នាក់ការល្បាត និងទប់ស្កាត់ការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់របស់មន្ត្រីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅស្រុកស្រែអំបិល ខេត្តកោះកុង ព្រឹកថ្ងៃទី៩ ខែកក្កដានេះ។
ស្ថិតនៅក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅឆ្នាំ២០១៩កន្លងទៅនេះ បទល្មើសដែលបានបង្ក្រាបបានមានជាង៤,៧០០ករណី។ ចំណែករយៈពេល៦ខែ ឆ្នាំ២០២០ គឺចាប់ពីខែមករា ដល់ខែមិថុនា កម្លាំងជំនាញបង្ក្រាបបានជាង៣០០០ករណីហើយ នៅក្នុងនោះមានការរឹបអូសរណាយន្តដែលជាឧបរកណ៍ដែលគ្រោះថ្នាក់បំផុតសម្រាប់ធនធានធម្មជាតិរបស់យើងហ្នឹង មានរហូតទៅដល់២,៣៦៨រណាយន្ត នៅ៦ខែ ឆ្នាំ២០២០។ នៅក្នុងឆ្នាំ២០១៩ កន្លងទៅ គឺរណាយន្តដែលយើងបានរឹបអូសបានមានប្រមាណ៣៥០០រណាយន្ត នៅទូទាំងប្រទេសកម្ពុជា»។
លោកបានបន្តថា រណាយន្តគឺជាឧបរកណ៍មួយដែលបានចូលរួមចំណែក បំផ្លិចបំផ្លាញ់ធនធានធម្មជាតិរបស់កម្ពុជាយ៉ាងខ្លាំង ដោយក្នុងរណាយន្តមួយគ្រឿងវាមានសមត្ថភាពបំផ្លាញដើមឈើធំៗដែលនៅក្នុងព្រៃរបស់កម្ពុជា បានរហូត៣ដើម នៅក្នុង១ថ្ងៃ។ ដូច្នេះ ប្រសិនបើក្រុមអ្នកបំផ្លាញព្រៃឈើទាំងនេះយកទៅប្រើប្រាស់ ដើម្បីបំផ្លាញដើមឈើតូចៗ វានឹងកាន់តែងាយស្រួលក្នុងការបំផ្លាញបន្ថែមទៀតផងដែរ។ ទាំងនេះវាជាបញ្ហាមួយដែលត្រូវទាមទារឱ្យមានការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសណាដែលបានយករណាយន្តទាំងនេះមកប្រើប្រាស់នៅក្នុងតំបន់ការពារធនធានធម្មជាតិរបស់កម្ពុជា ដោយខុសច្បាប់។
លោក នេត្រ ភក្ត្រា បានអះអាងថា ចំនួនបទល្មើសរណាយន្ត មានការថយចុះច្រើន បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលសរុបមានជាង៣.៤០០គ្រឿង។ ការរឹបអូសមានការកើនឡើងនេះ បង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ត្រីនៃអង្គការដៃគរួមនឹងសហគមន៍តំបន់ការពារធម្មជាតិ។
លោកបានបញ្ជាក់ថា រាល់បទល្មើសភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងៗទៀតជាដើម។ ដោយឡែកចំពោះ ជនល្មើសមួយចំនួន ដែលមានការជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់ បំផ្លាញព្រៃឈើ ការបរបាញ់ និងជួញដូរសត្វព្រៃ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះទៅតាមនីតិវិធីច្បាប់ ព្រមទាំងបានធ្វើការផាកពិន័យអន្តរកាលមួយចំនួនទៅលើអ្នកប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ ហើយមានអ្នកខ្លះត្រូវបានអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្ត បទល្មើសបំពានធនធានធម្មជាតិបន្តទៀត។
បើតាមលោក អេដាដ លេហ្ទឺរ (Eduard Lefter) មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្ហាញជំហរជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងបរិស្ថានក្នុងកិច្ចគាំពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជាកុំឱ្យមានការបាត់បង់បន្តទៀត។
លោក អេដាដ លេហ្ទឺរ បានឱ្យដឹងថា អង្គការសម្ព័ន្ធមិត្ដសត្វព្រៃរបស់លោកបាននឹងកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០១មក ដោយបានផ្ដល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងតំបន់ការពារធម្មជាតិ កែលម្អជីវភាពរស់នៅដែលអាស្រ័យលើព្រៃឈើ សង្គ្រោះសត្វព្រៃពីព្រាន និងពីការជួញដូរ និងការពារតំបន់ជួរភ្នំក្រវាញ ដែលជាព្រៃឈើទីជម្រាលប្រភពទឹក ប្រភពជីវចម្រុះ និងជាទ្រព្យធនសេដ្ឋកិច្ចធំជាងគេរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះនឹងលទ្ធបង្ក្រាបបទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិគួរជាទីមោទននេះដែរ មន្ត្រីជាន់ខ្ពស់អង្គការសម្ព័ន្ធមិត្ដសត្វព្រៃរូបនេះ បានបញ្ជាក់ថា ពីផលលំបាកក្នុងការបង្ក្រាបក្រុមជនល្មើសនេះដែរ ដោយត្រូវចំណាយពេលវេលាច្រើន ព្រមទាំងថវិកាជាដើម ជាពិសេសការបង្ក្រាបរណាតយន្តនីមួួយៗផងដែរ៕