(ព្រៃវែង)៖ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ប្រាប់អំពីវឌ្ឍនភាពដែលសម្រេចបាននៅច្រកទ្វារអន្ដរជាតិ ម៉ឹនជ័យ ជាប់ព្រំដែនជាមួយប្រទេសវៀតណាម។ បច្ចុប្បន្នកំពុងសាងសង់ស្នាក់ការច្រកទ្វារ ដែលសាងសង់បានប្រមាណ៦០-៧០ភាគរយ គ្រោងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២០នេះ។
ក្នុងសន្នីសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តព្រៃវែង» លោក ជា សុមេធី បានអះអាងថា សម្រេចថវិកាដែលសាងសង់អគារស្នាក់ការច្រកទ្វារអន្ដរជាតិម៉ឺនជ័យនេះ គឺជាថវិការបស់ថ្នាក់ជាតិ ដែលទម្លាក់តាមរយៈក្រសួងមហាផ្ទៃ។
លោក ជា សុមេធី បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធច្រកទ្វារអន្ដរជាតិម៉ឺនជ័យ រហូតមកដល់ពេលនេះ វឌ្ឍនភាពយើងកំពុងតែសាងសង់ស្នាក់ការ នៅខាងប្រទេសកម្ពុជាយើង ដែលសម្រេចបានប្រមាណ៦០ ទៅ៧០ភាគរយ ហើយគម្រោងនេះអាចបញ្ចប់នៅឆ្នាំនេះតែម្ដង ដែលថវិកាទាំងអស់នោះ គឺជាថវិការបស់ថ្នាក់ជាតិ ទម្លាក់តាមក្រសួងមហាផ្ទៃ»។
កម្ពុជា-វៀតណាម បានសម្រេចរួមគ្នាតម្លើងច្រកទ្វារព្រំដែន ម៉ឺនជ័យ-Tan Nam ទៅជាច្រកទ្វារអន្ដរជាតិនាពេលកន្លងទៅ ដើម្បីសម្ដៅជំរុញការដោះដូរទំនិញរវាងគ្នា និងការចេញចូលរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរផងដែរ។
សូមបញ្ជាក់ថា ខេត្តព្រៃវែង មានព្រំប្រទល់ ខាងជើងទល់នឹងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ខាងកើតទល់នឹងខេត្តស្វាយរៀង និងខេត្តតៃនិញ ប្រទេសវៀតណាម ខាងលិចទល់នឹងខេត្តកណ្តាល និងខាងត្បូងទល់នឹងខេត្តដុងថាប់ និងខេត្តឡុងអាន ប្រទេសវៀតណាម ដែលមានខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៨៤,២០០គីឡូម៉ែត្រ។
ក្នុងនោះចម្ងាយផ្លូវពីទីរួមខេត្តព្រៃវែង ទៅព្រំប្រទល់ខេត្តដុងថាប់ មានចម្ងាយ៧៤គីឡូម៉ែត្រ (តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី) ពីទីរួមខេត្តព្រៃវែង ទៅព្រំប្រទល់ខេត្តឡុងអាន មានចម្ងាយ៨៦គីឡូម៉ែត្រ (តាមច្រកទ្វារតំបន់ព្រំដែនស្វាយអាង៉ោង) និងពីទីរួមខេត្តព្រៃវែង ទៅព្រំប្រទល់ខេត្តតៃនិញ មានចម្ងាយ៥៤គីឡូម៉ែត្រ (តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ)។
គួរជម្រាបថា រហូតមកដល់ពេលនេះ កម្ពុជាមានច្រកទ្វារសរុប ចំនួន៨២ ក្នុងនោះមាន ច្រកទ្វារអាកាសយាន្ដដ្ឋានអន្ដរជាតិ ចំនួន០៣, ច្រកទ្វារព្រំដែនអន្ដរជាតិ ចំនួន២៦, ច្រកទ្វារកំពង់ផែអន្ដរជាតិ ចំនួន០៣, ច្រកទ្វារព្រំដែនទ្វេភាគី ចំនួន១៤, ច្រកទ្វារតំបន់ព្រំដែន ចំនួន២៦ និងច្រកទ្វារកំពង់ផែសមុទ្រ ចំនួន១០៕