(ភ្នំពេញ)៖ លោក អាន សុខខឿន ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា ប្រទេសកម្ពុជាគោរពផ្តល់តម្លៃចំពោះតួនាទីរបស់ស្ត្រីក្នុងកិច្ចការសន្តិភាព និងសន្តិសុខ។
លោក អាន សុខខឿន បានលើកឡើងដូចនេះ ក្នុងបទអន្តរាគមន៍របស់ខ្លួននៅក្នុងសម័យលើកទី៤៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ក្នុងបទអន្តរាគមន៍នេះ លោក អាន សុខខឿន បានគូសរំលេចថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលមានចំនួនកងកម្លាំងថែរក្សាសន្តិភាពជាស្ត្រី នៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិកនិងមជ្ឈិមបូព៌ា។ ក្នុងកម្រិតទូទាំងពិភពលោក ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៧ ក្នុងចំណោមប្រទេសចំនួន១២៧ ដែលមានយោធាជាស្ត្រី ចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
បទអន្តរាគមន៍ក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សក្រោមរបៀបវារៈស្តីពី «កិច្ចសន្ទនាអន្តរសកម្មជាមួយក្រុមការងារទទួលបន្ទុកការរើសអើងប្រឆាំងនឹងស្រ្តី» ដែលធ្វើឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក អាន សុខខឿន ក៏បានគូសបញ្ជាក់ពី ការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រីគឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចដកហូត និងមិនអាចកាត់ផ្តាច់បាន ចេញពីសិទ្ធិមនុស្សទាំងអស់ ព្រមទាំងបានរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានសន្យាថានឹង «មិនទុកនរណាម្នាក់ចោល»។
លោកបន្តថា ប្រទេសកម្ពុជាផ្តល់ការយកចិត្តទុកដាក់ខ្លាំងចំពោះការជំរុញតួនាទីដ៏សំខាន់របស់ស្ត្រីដោយពុំមានការរើសអើង សំដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន និងការទប់ស្កាត់ជម្លោះ។ ជាមួយគ្នានេះ ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាប្រទេសគំរូមួយដែលមាននិម្មាបនកម្មសមភាពយេនឌ័រនៅតាមស្ថាប័ន ដែលបានស្តែងឡើងតាមរយៈការប្តេជ្ញាចិត្តកម្រិតខ្ពស់ កិច្ចសហការអន្តរក្រសួង និងភាពជាដៃគូជាមួយសង្គមស៊ីវិល។ យោងតាមរបាយការណ៍ឆ្នាំ២០២០របស់វេទិកាសេដ្ឋកិច្ចពិភពលោក វិសមភាពយេនឌ័រនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ពីចំណាត់ថ្នាក់លេខ១១២ ក្នុងឆ្នាំ២០១៦ មកលេខ៨៩ នៅឆ្នាំ២០២០ ។
លោកបន្តថា ការចូលរួមរបស់ស្ត្រីក្នុងកម្លាំងពលកម្មមានចំនួន៨១% ដែលជាតួលេខមួយក្នុងចំណោម តួលេខខ្ពស់បំផុតនៅក្នុងតំបន់។ នៅក្នុងឧស្សាហកម្មកាត់ដេរ ដែលនិយោជិតមានប្រមាណជិត ៨០០,០០០នាក់ ដោយភាគច្រើនលើសលុប គឺជាស្ត្រី រាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១៨ បានផ្តល់ជូនកម្មការីនីនូវកញ្ចប់អត្ថប្រយោជន៍ជាច្រើន រួមមាន ការថែរក្សាសុខភាពដោយឥតគិតថ្លៃ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូន ការផ្តល់ថវិកាសម្រាប់ការសម្រាលកូន ព្រមទាំងការបើកប្រាក់ខែចំនួន១២០% ក្នុងអំឡុងពេលសម្រាកលំហែមាតុភាព។
បន្ថែមពីលើនេះតួនាទីជាអ្នកដឹកនាំរបស់ស្ត្រីនៅកម្ពុជាកំពុងរីកចម្រើននៅគ្រប់កម្រិត។ នៅក្នុងវិស័យអាជីវកម្ម ៦៥%នៃសហគ្រាសខា្នតតូចនិងមធ្យម ត្រូវបានគ្រប់គ្រងនិងកាន់កាប់ដោយស្ត្រី។ នៅឆ្នាំ២០១៨ នៅក្នុងវិស័យសាធារណៈ ស្ត្រីដែលជាមន្រ្តីរាជការមានចំនួន៤១% ដែលក្នុងនោះ ២៤% ស្ថិតក្នុងមុខតំណែងធ្វើសេចក្តីសម្រេច។ ស្ត្រីមានចំនួន២០% នៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា។
ក្នុងបទអន្តរាគមន៍នេះ លោក អាន សុខខឿន បានឱ្យដឹងថា នៅពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នាពេលខាងមុននេះ ប្រទេសកម្ពុជាមានគោលបំណងរៀបចំព្រឹត្តិការណ៍ស្តីពីស្រ្តីនៅក្នុងកិច្ចការសន្តិភាព និងសន្តិសុខ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្រ្តី៕