(កំពង់ចាម)៖ ដើម្បីរួមចំណែកថែរក្សា អភិរក្ស និងបង្កើតគម្របបៃតង, នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានដាំកូនឈើជាព្រះរាជទានដោយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសួនច្បារមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។
អភិបាលខេត្ដកំពង់ចាម បានចាត់ទុកថា ការដាំដើមឈើឲ្យបានច្រើន គឺជាផ្នែកមួយនៃការកាត់បន្ថយ នៃការបម្រែបម្រួលអាកាសធាតុ ក៏ព្រោះតែព្រៃឈើមួយចំនួនត្រូវបានរិចរឹល ដោយសារការកាប់បំផ្លាញរបស់មនុស្ស។
លោកថា «ព្រឹត្តិការណ៍នេះ បានរួមចំណែកក្រើនរំលឹកឲ្យមានការចូលរួមពីគ្រប់សមាសភាគីទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាយុវជនជំនាន់ក្រោយៗ ឲ្យចេះស្រឡាញ់ដើមឈើពីព្រោះថា នៅកម្ពុជារបស់យើង មានដើមឈើច្រើនប្រភេទ ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាអភិរក្ស។ ក្រៅពីនោះ ដើមឈើដែលយើងបានដាំនាថ្ងៃនេះ ជាផ្នែកមួយ ក្នុងការរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាពក្រុង ជាពិសេសវាក៏ជាម្លប់សម្រាប់មនុស្សទូទៅ បានជ្រកកោននាពេលអនាគត»។
ជាមួយគ្នានោះ អភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្កកំពង់ចាម ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា ហើយត្រូវស្រឡាញ់ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សម្រាប់មនុស្សជាតិគ្រប់ជំនាន់ផងដែរ៕